ភ្នំពេញៈ នៅវេលាម៉ោង១៥ និង០០នាទីរសៀល ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ ជាអនីតិជន ស្ថិតនៅចំណុចសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន។
នេះបើតាមការឱ្យដឹងពី មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ជនសង្ស័យដែលត្រូវបាន កម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះមានឈ្មោះ
ចេង រុង អាយុ១៤ឆ្នាំ រស់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
មន្ត្រីដដែល បានបញ្ជាក់ឱ្យដឹងទៀតថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមាន ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន១៣កញ្ចប់។
មន្ត្រីដដែល បានបញ្ជាក់ឱ្យដឹងទៀតថា ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា រូបគេតែងតែយកថ្នាំញៀននៅចំណុចកើតហេតុខាងលើ និងបានលក់អស់ប្រហែល១០០កញ្ចប់ ក្នុងមួយថ្ងៃ និងបានកំរៃជើងសារចំនួន២០ម៉ឺនរៀល និងថ្នាំញៀនចំនួន០២កញ្ចប់សម្រាប់ទុកប្រើប្រាស់។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។