You are currently viewing ម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាបបទល្មើសព្រៃឈើ

ម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាបបទល្មើសព្រៃឈើ

កំពង់ស្ពឺៈ នៅវេលាម៉ោង១៦ និង៣០នាទីល្ងាច ថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាបករណីដឹកជញ្ជូនឈើដោយគ្មានច្បាប់អនុញ្ញាតចំនួន០១លើក ស្ថិតនៅចំណុចភូមិស្គុះ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

នេះបើតាមការឳ្យដឹងពីមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឳ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើស ខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ជាអ្នកបើកបរមានឈ្មោះ យឹម សុខភារម្យ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរបើកបរ មានទីលំនៅភូមិស្វាយរមៀត ឃុំស្វាយ រមៀត ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងបានធ្វើការចាប់យក វត្ថុតាងមួយចំនួនរួមមាន រថយន្ត ចំនួន០១គ្រឿង ម៉ាកHYUNDRI ពណ៏ស ទម្ងន់ ០៥តោន ពាក់ស្លាកលេខ ភ្នំពេញ៣C-៩៥១១ និងឈើប្រណិតប្រភេទធ្នង់ និងម្រេញ ជាច្រើនដុំ (មិនទាន់វាស់វែង)។

មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបន្តឳ្យដឹងថាទៀតថា រថយន្តខាងលើនេះ គឺបានដឹកចេញពីផ្ទះរបស់ឈ្មោះ ស៊ី ស ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិផ្សារសាមគ្គី សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

បន្ទាប់ពីធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើរួចមក កម្លាំងកងរាជអាវុធហត្ថ ក៏បន្តធ្វើការឃាត់ រថយន្ត ម៉ាក HYUNDRI ពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ ៣A-៩១២៦ ដែលបានដឹកឈើ ធ្នង់ ម្រេញជាច្រើនដុំ ចេញពីផ្ទះរបស់ ឈ្មោះ ស៊ី ស ចំនួន០១គ្រឿងបន្ថែមទៀត ចំណែកអ្នកបើកបរត្រូវបានរត់គេចខ្លួន។

បច្ចុប្បន្ន កម្លាំងកងរាជអាវុធហត្ថ កំពុងឡោមព័ទ្ធកន្លែងកើតហេតុ រង់ចាំដល់ព្រឹកថ្ងៃស្អែក ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។ ចំណែកវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ប្រគល់ជូនមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការបន្តតាមនិតិវិធី។


(អត្ថបទ ម៉ាន់ ដាវីត)