ភ្នំពេញ: ជនសង្ស័យម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់ឃាត់ខ្លួន និងបញ្ជូនទៅកាន់សាលាដំបូង កាលពីថ្ងៃទីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ ក្រោយពីធ្វើសកម្មភាពប្លន់ទ្រព្យសម្បត្តិ ។
ជនសង្ស័យរូបនោះឈ្មោះ យឹម សុផា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាជាងជួសជុលរថយន្ត ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ទឹថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ទាក់ទិននឹងការចាប់ឃាត់ខ្លួនជនសង្ស័យខាងលើនេះ ត្រូវបានមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញបានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី៩ មីនា មានស្ត្រីម្នាក់ជាជនរងគ្រោះស្នាក់នៅក្នុងបុរីពិភពថ្មី ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ បានស្គាល់លេខទូរស័ព្ទជនសង្ស័យឈ្មោះ យឹម សុផា ជាជាងរថយន្ត ហៅឲ្យទៅជួយមើលរថយន្តរបស់នាងដែលខូចបញ្ឆេះមិនឆេះ ។
មន្ត្រីកងរាជអាវុធហត្ថដដែលបានបន្តថា ពេលជនសង្ស័យទៅដល់ផ្ទះជនរងគ្រោះគេបានបើកកាបូលរថយន្តពិនិត្យមើលម៉ាស៊ីន និងមើលអាគុយធ្វើឲ្យម្ចាស់រថយន្តជឿទុកចិត្ត ពេលនោះស្ត្រីជាម្ចាស់រថយន្តក៏មិនបានទៅណាឆ្ងាយដែរ នាងបានដើរចុះដើរឡើងតាមមើលជាងកំពុងធ្វើរថយន្ត (មើលភ្លើង) ។
ស្របពេលនោះទូរស័ព្ទជនរងគ្រោះមានគេតេចូល នាងក៏បានដើរទៅឈរនិយាយខាងក្រោយរថយន្ត ស្រាប់តែពេលនោះជនសង្ស័យបានស្ទុះទៅចាប់គ្រៀកនាង ហើយយកតួឡឺវីសធ្វើជាអាវុធភ្ជង់បំពង់ក ប្លន់យកទូរស័ព្ទដៃប្រភេទទំនើប១គ្រឿង ហើយឡើងជិះម៉ូតូគេចខ្លួនបាត់ ។
ក្រោយកើតហេតុនារីជាជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌនៃទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ។
លុះដល់ថ្ងៃទី១០ មីនា កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវ និងឈានទៅដល់ការចាប់ឃាត់ខ្លួនជនសង្ស័យនៅខេត្តព្រះសីហនុ ដោយមានការសហការយ៉ាងយកចិត្តទុកដាក់ពីកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ និងដោយមានការសម្របសម្រួលពីសំណាក់លោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
បន្ទាប់ពីឃាត់ខ្លួនបានហើយ ជនសង្ស័យត្រូវបានបញ្ជូនមកកាន់ការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងតាមនីតិវិធី ៕
(អត្ថបទៈ ម៉ាន់ ដាវីត)