បន្ទាយមានជ័យៈ យោងតាមពាក្យបណ្ដឹងរបស់ឈ្មោះជឿន សុខនឿន ភេទប្រុស អាយុ១៧ឆ្នាំ និងឈ្មោះស៊ន ភា ភេទស្រី អាយុ៤៦ឆ្នាំ ទាំង០២នាក់ រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្ដឹងឈ្មោះ សា អុីមរ៉ន ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពីបទហិង្សាដោយចេតនា ដែលប្រព្រឹត្តកាលពីវេលាម៉ោង២២និង០០នាទី ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ នៅចំណុចភូមិ សង្កាត់ខាងលើ។
ក្រោយពីទទួលបានពាក្យបណ្ដឹង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី ជា ដា មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះប្រតិបត្តិការណ៍រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះសា អុីមរ៉ន បាននៅវេលាម៉ោង១១និង០០នាទី ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧។
លោកវរសេនីយ៍ត្រី ជា ដា បានឲ្យដឹងថា ក្រោយពីឃាត់ខ្លួនបានហើយ ជនសង្ស័យត្រូវបានយកមកបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីធ្វើការសាកសួរ និងត្រួតពិនិត្យសារធាតុញៀន ឃើញថា ជនសង្ស័យមានសាធាតុញៀនក្នុងខ្លួនផងដែរ។
លោកវរសេនីយ៍ត្រី ជា ដា បានឲ្យដឹងទៀតថា ជនសង្ស័យត្រូវបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្ត។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង បានប្រាប់ឲ្យដឹងថា បើតាមស្ដាប់ចម្លើយរបស់ដើមបណ្ដឹងបាននិយាយថា កាលពីវេលាម៉ោង២២និង០០នាទី ថ្ងៃទី១០ ខែមីនា នោះដើមបណ្ដឹងឈ្មោះស៊ន ភា ភេទស្រី អាយុ៤៦ឆ្នាំ កំពុងរៀបចំមង្គលការរបស់ខ្លួន ដោយរៀបចំតុ ចំនួន៥០តុ ដើម្បីទទួលភ្ញៀវ ហើយពេលភ្ញៀវចូលពេញរោងការ ស្រាប់តែជនសង្ស័យឈ្មោះសា អីុមរ៉ន បានយកដបស្រាបៀអង្គរ វាយក្បាលក្មួយប្រុសរបស់ខ្លួនបណ្ដាលឲ្យរងរបួស ពេលនោះធ្វើឲ្យភ្ញៀវក្នុងរោងការផ្អើលរត់ចេញពីរោងការអស់ ដោយពុំបានចំណងដៃ ហើយធ្វើឲ្យខាតបង់ប្រាក់អស់ចំនួនជាង៣០០០ដុល្លាទៀតផង។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង បានឲ្យដឹទៀតថា ក្រោយពីសាកសួរចម្លើយ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនគេពិតជាបានវាយជនរងគ្រោះ០១ដបស្រាបៀអង្គរពិតប្រាកដមែន ព្រោះជនរងគ្រោះបានជាន់ជើងរបស់ខ្លួន ហើយជនសង្ស័យក៍បានឆ្លើយសារភាពទៀតថា ខ្លួនគេធ្លាប់ប្រើប្រាស់គ្រឿងញៀនអស់រយ:ពេលជាង០១ឆ្នាំមកហើយដែរ។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង បានឲ្យដឹងទៀតថា ក្រោយពីបានចម្លើយសារភាពហើយនោះ ជនសង្ស័យត្រូវបានអាវុធហត្ថ ជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី។
(អត្ថបទៈ ឡាក់ ភី)