កណ្តាលៈ នៅវេលាម៉ោង១៦ និង០០នាទីល្ងាច ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ មន្ត្រីកងរាជអាវុធហត្ថខេត្តកណ្តាល សហការជាមួយ មន្ត្រីមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកៀនស្វាយ ដឹកនាំដោយ លោកវរសេនីយ៍ទោ ពក សាង នាយរងសេនាធិការដ្ឋាន ទទួលការងារយុត្តិធម៌ កងរាជអាវុធហត្ថខេត្តកណ្តាល តំណាង ឯកឧត្តម ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល និងលោក សុខ ពិសិដ្ឋ អភិបាលរងស្រុកកៀនស្វាយ
តំណាងអោយសហភាពសហពន្ធ័យុវជនស្រុក បានចុះធ្វើយុទ្ធនាការ ផ្សព្វផ្សាយអំពីផលប៉ះពាល់និងគ្រោះថ្នាក់ នៃគ្រឿងញៀន ជូនដល់ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅ វិទ្យាល័យជ័យវរ្ម័នទី៧ ស្ថិតភូមិដីឥដ្ធឃុំដីឥដ្ធស្រុកកៀនស្វាយ សិស្សសរុប២៣៥៧នាក់ និងលោកគ្រូអ្នកគ្រូចំនួន១៥០នាក់បានផ្សព្វផ្សាយ ស្ដីពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន ដោយបានលើកយក មាត្រាមួយចំនួនពាក់ព័ន្ធ និងការជូញដូរ រក្សាទុក ចែកចាយ ការប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងដោយបានផ្តល់លេខទូស័ព្ទ របស់ជំនាញកងរាជអាវុធហត្ថខេត្ត និងលេខទូស័ព្ទរបស់មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុក ជូនដល់លោកគ្រូអ្នកគ្រូ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ទុកគ្រាន់ទំនាក់ទំនង ក្នុងករណីមានបញ្ហាណាមួយកើតឡើងជាយថាហេតុផងដែរ និងបានផ្តល់សៀវភៅ ស្តីពីចំណះដឺងជាមូលដ្ឋាន អំពីគ្រោះថ្នាក់ បណ្តាលមកពីគ្រឿងញៀន ព្រមទាំងបានលើកជាសំនួរ សួរឆ្លើយយ៉ាងផុសផុល។
ចុងបញ្ចប់នៃពិធីផ្សព្វផ្សាយនេះ លោក វរសេនីយ៍ទោ ក៏បានផ្តាំផ្ញើដល់ ប្អូនៗ ក្មួយៗ និងសិស្សានុសិស្សទាំអអស់ ត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀន និងត្រូវនិយាយថា ទេ ចំពោះគ្រឿងញៀន។
ក្នុងឱកាសនោះដែរក្រុមការងារបានជូនបាល់ទាត់២គ្រាប់ ព្រមទាំងឯកសណ្ឋានកីឡា ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមមេបញ្ជាការរង នៃកងយុទ្ធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា ប្រធានសហពន្ធ័កីឡាបាល់ទាត់កម្ពុជា តាមរយៈលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល សម្រាប់សិស្សានុសុស្សលេងកីឡាដើម្បីសុខភាព មិត្តភាព និងជៀសឲ្យឆ្ងាយពីគ្រឿងញៀន។