You are currently viewing បើកវគ្គបំប៉នគ្រូបង្គោលការងារអប់រំចិត្តសាស្ត្រ ឆមាសទី១ ប្រចាំឆ្នាំ២០១៧ ដល់នាយ នាយរង កងរាជអាវុធហត្ថទូទាំងប្រទេស

បើកវគ្គបំប៉នគ្រូបង្គោលការងារអប់រំចិត្តសាស្ត្រ ឆមាសទី១ ប្រចាំឆ្នាំ២០១៧ ដល់នាយ នាយរង កងរាជអាវុធហត្ថទូទាំងប្រទេស

ភ្នំពេញៈ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ ឯកឧត្តម ឧត្តមសេនីយ៏ទោ ឌៀប វណ្ឌី នាយរងសេនាធិការដ្ឋាន ទទួលការងារទំនាក់ទំនងសាធារណៈ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវគ្គបំប៉នគ្រូបង្គោល ការងារអប់រំចិត្តសាស្ត្រ ដល់នាយ នាយរង កងរាជអាវុធហត្ថ ២៥រាជធានី ខេត្ត ក្រុង នៅសាលប្រជុំសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការចូលរួមពីស្នងការរង មេបញ្ជាការរងខេត្ត ប្រធានមន្ទីរ នាយការិយាល័យ និងនាយ នាយរងអាវុធហត្ថ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន៨៩នាក់។

ឯកឧត្តម ឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការរង រដ្ឋបាល និងហិរញ្ញវត្ថុ និងជាអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើបទឧទ្ទេសនាម ស្តីពីការចាត់តាំងអនុវត្តការងារអប់រំចិត្តសាស្ត្រឆ្នាំ២០១៧ និងដោយយោងតាមផែនការរបស់ ឯកឧត្តម នាយឧត្តមសេនីយ៏ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអោយបណ្តាស្នងការដ្ឋាន ផែនការងារកសាងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការផ្សព្វផ្សាយអប់រំចិត្តសាស្រ្ត និងក្រមសីលធម៏ដល់បណ្តាអង្គភាពចំណុះទីបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

បន្តមកទៀត ឯកឧត្តម ឧត្តមសេនីយ៍ត្រី អេង ហ៊ីបានលើកអំពីសភាពការណ៍ទូទៅ នៅលើពិភពលោកដំណើរវិវឌ្ឍប្រែប្រួលចាប់ពីសង្គ្រាមត្រជាក់មកដល់បច្ចុប្បន្ន។
ក្នុងនោះក៏បានបញ្ជាក់ច្បាស់អំពីរូបភាពបដិវត្តន៍ពណ៌ដែលត្រូវបានគេបញ្ឆេះធ្វើឡើងនៅប្រទេសជាច្រើនដែលបានប្រើបដិវត្តន៍ពណ៌ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកំពុងកើតមានសង្គ្រាមបង្ហូរឈាមគ្នាការបាក់បែកជាតិសាសន៍សាសនានិងបង្កើតឱ្យមានភេរវកម្មបណ្តាលឱ្យមនុស្សស្លាប់រាប់ម៉ឺននាក់។

ចំណែកប្រទេសរបស់យើងកាន់របបប្រជាធិបតេយ្យសេរីពហុបក្សត្រូវយល់ឱ្យច្បាស់ពីកាតព្វកិច្ចរបស់ពលរដ្ឋម្នាក់ៗចូលរួមជ្រើសរើសមគ្គុទ្ទេសដឹកនាំប្រទេស,ដឹកនាំនយោបាយនៅមូលដ្ឋានភូមិ,ឃុំសង្កាត់និងសង្ឃឹមថាការប្រើសិទ្ធិក្នុងនាមជាពលរដ្ឋបានត្រឹមត្រូវក្នុងការជ្រើសរើសមេដឹកនាំដែលពូកែឈ្លាសវៃនាំយើងឱ្យមានសេចក្ដីសុខមានសន្ដិភាពស្គាល់ពិភពលោកក្នុងតំបន់និងកម្ពុជាខ្លួនឯងផ្ទាល់។

លោកឧត្តមសេនីយ៍ បានបន្ថែមទៀតថា យើងត្រូវតែចូលរួមរក្សាការពារដំណើរការបោះឆ្នោតគ្រប់ដំណាក់កាល ដើម្បីឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរីត្រឹមត្រូវនិងយុត្តិធម៌ជាពិសេសកងកម្លាំងអាវុធហត្ថត្រូវតែគោរពច្បាប់បោះឆ្នោតប្រកាន់ភ្ជាប់ក្រមសីលធម៏នៃដំណើរការបោះឆ្នោត។

បន្ទាប់មក ឯកឧត្តម ក៏បានផ្តាំផ្ញើ ដល់នាយ នាយរងកងរាជអាវុធហត្ថទាំងអស់ ត្រូវមានអត្តចារិក(សីល)៥យ៉ាងរបស់ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស សម្រាប់អនុវត្ត៖១/.គឺៈការអប់រំរៀនសូត្រកសាងខ្លួនឱ្យក្លាយទៅជាពលរដ្ឋទៅជាអាវុធហត្ថស្មោះត្រង់ចំពោះជាតិសាសនាព្រះមហាក្សត្រ។
២/.គឺៈមានភាពស្អាតស្អំនៅក្នុងការងារ,មានចរិកត្រឹមត្រូវ។
៣/.គឺៈមានសមត្ថភាពហើយមានភាពឆ្លាតវៃ,ឧស្សាហ៍ព្យាយាមនិងមានភាពអំណត់។
៤/.ត្រូវមានភាពក្លាហានក្នុងតួនាទីភារកិច្ចរបស់យើងក្នុងការពារសន្តិសុខសណ្តាប់ធ្នាប់និងក្នុងការបង្ក្រាបបទល្មើសផ្សេងៗ។
៥/.ត្រូវអនុវត្តឱ្យម៉ឺងម៉ាត់តាមវិធានការផ្ទៃក្នុង៩ចំណុចដែលនាយឧត្តមសេនីយ៍បានដាក់ចេញក្នុងអង្កប្រជុំវិសាមញដើម្បីពង្រឹងការអនុវត្តន៍តួនាទីភារកិច្ចកងរាជអាវុធហត្ថ៕


(អត្ថបទៈ ខៀវ ដារ៉ា)