បាត់ដំបងៈ ជនសង្ស័យចំនួន០៣នាក់ ជាមុខសញ្ញាចែកចាយគ្រឿងញៀន យ៉ាងសកម្ម ត្រូវបាន កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង សហការជាមួយ កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានធ្វើការឃាត់ខ្លួន។
នេះបើតាមការឱ្យដឹងពី មន្ត្រីកងរាជអាវុធហត្ថខេត្តបាត់ដំបង បានឱ្យដឹងថា ក្នុងការឃាត់ខ្លួនជនសង្ស័យទាំង០៣នាក់ខាងលើនេះ គឺធ្វើឡើងជា០៣ដំណាក់កាល ដោយប្រតិបត្តិការលើកទី១ គឺធ្វើឡើងនៅវេលាម៉ោង១៩ និង២០នាទី ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចនៅភូមិផ្លូវបំបែក ឃុំព្រៃស្វាយ ស្រុក មោងឬស្សី ខេត្តបាត់ដំបង ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ មានឈ្មោះ សង រ៉ាវី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិព្រៃញី សង្កាត់សំពៅមាស ក្រុងពោធិ៍សាត់ ខេត្តពោធិសាត់ ដោយបានធ្វើការចាប់យកវត្ថុតាងមួយចំនួនរួមមាន ៈ
១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០១កញ្ចប់ ដែលមានទម្ងន់២៥.៧០ក្រាម
២. ម៉ូតូ ចំនួន០១គ្រឿង
៣. ទូរស័ព្ទដៃ ចំនួន០១គ្រឿង។
បន្ទាប់ពីធ្វើការឃាត់ខ្លួនរួចមក ជនសង្ស័យត្រូវបានបញ្ចូនទៅបញ្ជាការដ្ឋាន ដើម្បីបន្តធ្វើការសាកសួរ។
បន្ទាប់ពីធ្វើការសាកសួររួចមក ជនសង្ស័យនោះ បានឆ្លើយសារភាពថា រូបគេនៅមានបក្ខពួកផ្សេងទៀតដែលតែងតែយកថ្នាំមកចែកចាយបន្ត គឺរស់នៅខេត្តពោធិ៍សាត់។
បន្ទាប់ពីទទួលបានចម្លើយសារភាពរួចមក នៅវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង ក៏បានសុំការសហការពីកម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ និងដោយមានការសម្របសម្រួល ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង បានចុះទៅដល់ភូមិពោធិតាគួយ សង្កាត់លលកស ក្រុងពោធិសាត់ ខេត្តពោធិសាត់ ក៏បានប្រទះឃើញមុខសញ្ញា ជាជនសង្ស័យចំនួន០២នាក់ រួមមានឈ្មោះ ៈ
១. ហូយ រិត ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិស្ទឹងតូច ឃុំរលាភ ស្រុកសំពៅមាស ខេត្តពោធិសាត់
២.ឆេង សុខលី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិប្រមោយ ឃុំប្រមោយ ស្រុក វាលវែង ខេត្តពោធិសាត់ ដែលជនសង្ស័យទាំង០២នាក់នោះ កំពុងអង្គុយលើរថយន្ត មួយគ្រឿង ម៉ាកកាម៉ារីឆ្លាម ពណ៌ខ្មៅ នៅចិញ្ចើមផ្លូវជាតិលេខ៥។
ពេលនោះ កម្លាំងកងរាជអាវុធហត្ថ ក៏បានស្ទាក់ចាប់ជនសង្ស័យទាំង០២នាក់នោះ ប៉ុន្តែត្រូវបាន ជនសង្ស័យឈ្មោះ ហូយ រិត បានបើករថយន្តគេចខ្លួន ចូលក្នុងភូមិសាស្ត្រស្រុកវាលវែង និងស្រុកក្រវាញ ខេត្តពោធិសាត់ បានធ្វើអោយកម្លាំងកងរាជអាវុធហត្ថ ដេញតាមពីក្រោយប្រផាប់ប្រភីង រហូតដល់ម៉ោង១៣ និង១០នាទី ថ្ងៃដដែល ដោយរថយន្តជនសង្ស័យ បានដាច់កង់មុខ(ឆ្វេង) ទៅមុខមិនរួច ហើយជនសង្ស័យក៏បានចុះរត់គេចខ្លួនបាត់ទៅ។
មន្ត្រីដដែល បានបញ្ជាក់ឱ្យដឹងទៀតថា នៅវេលាម៉ោង១៣ និង៤០នាទី ថ្ងៃខែដដែល កម្លាំងកងរាជអាវុធហត្ថ ក៏បានបន្តចុះឆែកឆេរលំនៅដ្ឋាន របស់មេក្លោង ដែលរត់គេចខ្លួន ឈ្មោះ ហូយ រិត នៅភូមិស្ទឹងតូច ឃុំរលាភ ស្រុកសំពៅមាស ដោយបានរកឃើញ វត្ថុតាងមួយចំនួនរួមមាន ៈ
១. លុយខ្មែរចំនួន ៤លាន ១៨ម៉ឺន ១ពាន់ ៥រយរៀល
២. លុយបាត ចំនួន៤០០បាត
៣. លុយដុល្លារ ចំនួន៤០ដុល្លា
៤. ទូរស័ព្ទដៃ ចំនួន០៥គ្រឿង និងឯកសារពាក់ព័ន្ធមួយចំនួន និងបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ មានឈ្មោះ សាង មុនីរ័ត្ន ហៅពិសី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិស្ទឹងថ្មី ឃុំស្ទឹងថ្មី ស្រុកវាលវែង ខេត្តពោធិសាត់ ដែលនៅចាំផ្ទះកើតហេតុខាងលើ។
មន្ត្រីដដែល បានបញ្ជាក់បន្តទៀតថា លុះរហូតដល់ម៉ោង០៨ និង០០នាទី ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ ជនសង្ស័យឈ្មោះ សាង មុនីរ័ត្ន បាននាំកម្លាំង ទៅចង្អុលបង្ហាញនូវគ្រឿងញៀនដែលមេក្លោងឱ្យខ្លួនលាក់ទុកនៅផ្ទះនៅក្រោមដីចំនួន០៣កញ្ចប់ ដែលមានទម្ងន់៤៤.៣៨ក្រាម។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។ ចំណែកជនសង្ស័យដែលជាបក្ខពួក ត្រូវបានកម្លាំងកងរាជអាវុធហត្ថ កំពុងស្វែងរក ដើម្បីយកមកផ្តន្ទាទោស តាមផ្លូវច្បាប់។
(អត្ថបទ ម៉ាន់ ដាវីត)