ព្រះសីហនុៈ ជនសង្ស័យម្នាក់ ត្រូវបាន កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ សហការជាមួយ កម្លាំងកងរាជអាវុធហត្ថខេត្តកំពត និងដោយមានការសម្របសម្រួល ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ បានធ្វើការឃាត់ខ្លួន មានជាប់ពាក់ព័ន្ធជាមួយករណីហិង្សាដោយចេតនា (មានស្ថានទម្ងន់ទោស)។
នេះបើតាមការឱ្យដឹងពី មន្ត្រីកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឱ្យដឹងថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺធ្វើឡើងនៅវេលាម៉ោង១៦ និង០០នាទី ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។
មន្ត្រីដដែល បានបន្តឱ្យដឹងទៀតថា ជនសង្ស័យដែលត្រូវបានកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះមានឈ្មោះ អឺង ឃីម ភេទស្រី អាយុ២៩ឆ្នាំ រស់នៅភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។
មន្ត្រីដដែល បានបញ្ជាក់ឱ្យដឹងទៀតថា នៅមុនពេលកើតហេតុថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ នៅវេលាម៉ោង០៣ និង០០នាទីរៀបភ្លឺ នៅចំណុចក្រុម២៦ ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ជនសង្ស័យខាងលើនេះ បានមានទំនាស់ពាក្យសំដីជាមួយជនរងគ្រោះឈ្មោះ ឈឹម ឆាង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ កម្មករនេសាទ រស់នៅក្រុម៣៤ ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ហើយបានយកដែកវែងទៅវាយជនរងគ្រោះ បណ្តាលអោយរបួសជាទម្ងន់។
ជនសង្ស័យ ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។
(អត្ថបទៈ ម៉ាន់ ដាវីត)