ស្ទឹងត្រែងៈ នៅវេលាម៉ោង១៤ និង០០នាទីរសៀល ថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសៀមបូក បានធ្វើការបង្ក្រាបករណីដឹកជញ្ជូនឈើដោយគ្មានច្បាប់អនុញ្ញាតចំនួន០១លើក ស្ថិតនៅចំណុចភូមិអូរឬស្សីកណ្តាល ឃុំអូរឬស្សីកណ្តាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
នេះបើតាមការឳ្យដឹងពីមន្ត្រីកងរាជអាវុធហត្ថស្រុកសៀមបូក បានឳ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើស ខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យក វត្ថុតាងមួយចំនួនរួមមានៈ
១. ឈើប្រណិតប្រភេទលេខ១ចំនួន១៨កំណាត់ ស្មើ២,៧២០ម៉ែត្រគូប
២. រថយន្ត ចំនួន០២គ្រឿង ។
មន្ត្រីដដែល បានបន្តឳ្យដឹងទៀតថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើស ខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ ជាអ្នកដឹកឈើនោះ រួមមានឈ្មោះៈ
១. ស៊ន សេងហុង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់តាក់ស៊ី ទីលំនៅភូមិថ្មី ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម
២. ទិត សុធា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបររត់តាក់ស៊ី ទីលំនៅភូមិថ្មី ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
មន្ត្រីដដែល បានបញ្ជាក់ឳ្យដឹងទៀតថា កម្លាំងជំនាញបានធ្វើតេស្តទឹកនោមលើជនសង្ស័យទាំង០២នាក់នោះ លទ្ធផលបញ្ជាក់ឱ្យឃើញថា ជនសង្ស័យទាំង០២នាក់នោះ មានផ្ទុកសារធាតុញៀន។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ប្រគល់ជូនមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការបន្តតាមនិតិវិធី។
(អត្ថបទៈ ម៉ាន់ ដាវីត)