ភ្នំពេញៈ បន្ទាប់ពីបានឆ្លងកាត់ការដឹកនាំវិស័យកីឡាបាល់ទាត់កម្ពុជាក្នុងរយៈពេលជាង ១០ឆ្នាំកន្លងទៅ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) បានលើកឡើងថា ការដឹកនាំវិស័យកីឡាបាល់ទាត់មួយ គឺមានការពិបាកខ្លាំងជាងការដឹកនាំកងទ័ពទូទាំងប្រទេសទៀត ព្រោះអ្វីៗកើតចេញពីបាល់ទាត់ គឺសុទ្ធតែមានលក្ខណៈស្ដង់ដារ ។
ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងមហាសន្និបាតបូកសរុបការងារឆ្នាំ២០១៦ និងលើកទិសដៅឆ្នាំ២០១៧ របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧នេះ ។
ឯកឧត្តម សៅ សុខា បានថ្លែងថា ការដឹកនាំកងទ័ព ត្រូវការត្រឹមស្បៀង និងអាវុធ គឺអាចប្រយុទ្ធប្រឆាំងជាមួយសត្រូវបាន ប៉ុន្ដែការដឹកនាំបាល់ទាត់អ្វីៗក៏ត្រូវមានលក្ខណៈស្ដង់ដាដែរ មិនថាហេដ្ឋារចនាសម្ព័ន្ធ ធនធានកីឡាករ គ្រូបង្វឹក សម្ភារៈ ឬប្រព័ន្ធដឹកនាំនោះទេ។
ដោយហេតុនេះក្នុងនាមជាអ្នកមិនទាន់មានបទពិសោធន៍ក្នុងវិស័យកីឡាបាល់ទាត់ ការចាប់ផ្ដើមដំបូង ឯកឧត្តម បានអនុវត្តបណ្ដើរ និងរៀនបណ្ដើរ ដើម្បីជំរុញវិស័យបាល់ទាត់កម្ពុជាឲ្យមានភាពរីកចម្រើន រហូតមកទល់បច្ចុប្បន្ន ។
ប៉ុន្ដែយ៉ាងណាបាល់ទាត់កម្ពុជា មិនទាន់ដល់គោលដៅខ្លួនចង់បាននោះទេ ដូច្នេះសហព័ន្ធបាននឹងកំពុងអនុវត្តផែនការអភិវឌ្ឍន៍ថ្នាលយុវជនបន្ដ តាមរយៈការបង្កើតគម្រោងបើកសាលាបាល់ទាត់ទូទាំងប្រទេស ដើម្បីស្វែងរកអ្នកមានសមត្ថភាព និងទេពកោសល្យ ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ៕
(អត្ថបទៈ Cam Spot)