ភ្នំពេញៈ ព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី នាយរងសេនាធិការដ្ឋាន ទទួលការងារទំនាក់ទំនងសាធារណៈ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ ឆ្នាំ២០១៧ ដល់នាយ នាយរងកងរាជអាវុធហត្ថ នៅសាលប្រជុំសាលាកងរាជអាវុធហត្ថកំបូល និងដោយមានការចូលរួមពីសំណាក់ លោកនាយករង ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ និងនាយ នាយរងកងរាជអាវុធហត្ថ ចំណុះសាលាកងរាជអាវុធហត្ថកំបូលសរុបចំនួន៨៥នាក់។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី ខៀវ រដ្ឋា ស្នងការរង ស្នងការរដ្ឋបាលហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើបទឧទ្ទេសនាម ស្តីពីការចាត់តាំង អនុវត្តការងារអប់រំចិត្តសាស្ត្រ ឆ្នាំ២០១៧ និងដោយយោងតាមផែនការរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអោយបណ្តាស្នងការដ្ឋានផែនការងារកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការផ្សព្វផ្សាយអប់រំចិត្តសាស្រ្ត និងក្រមសីលធម៌ ដល់បណ្តាអង្គភាពចំណុះ ទីបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
បន្ទាប់មកទៀត លោកឧត្តមសេនីយ៍ បានលើកអំពីសភាពការណ៍ទូទៅនៅលើពិភពលោកដំណើរវិវឌ្ឍន៍ប្រែប្រួលចាប់ពីសង្គ្រាមត្រជាក់រហូតដល់បច្ចុប្បន្ន។
ក្នុងនោះក៏បានបញ្ជាក់ច្បាស់អំពីរូបភាពបដិវត្តន៍ពណ៌ដែលត្រូវបានគេបញ្ឆេះធ្វើឡើងនៅប្រទេសជាច្រើនដែលបានប្រើបដិវត្តន៍ពណ៌ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកំពុងកើតមានសង្គ្រាមបង្ហូរឈាមគ្នាការបាក់បែកជាតិសាសន៍សាសនានិងបង្កើតឱ្យមានភេរវកម្មបណ្តាលឱ្យមនុស្សស្លាប់ជារៀងរាល់ថ្ងៃ។
ចំណែកប្រទេសរបស់យើងវិញកាន់របបប្រជាធិបតេយ្យសេរីពហុបក្សត្រូវយល់ឱ្យច្បាស់ពីកាតព្វកិច្ចរបស់ពលរដ្ឋម្នាក់ៗចូលរួមជ្រើសរើសអ្នកដឹកនាំប្រទេស ដឹកនាំនយោបាយនៅមូលដ្ឋានភូមិ ឃុំសង្កាត់ និងសង្ឃឹមថាការប្រើសិទ្ធិក្នុងនាមជាពលរដ្ឋបានត្រឹមត្រូវក្នុងការជ្រើសរើសមេដឹកនាំដែលពូកែឈ្លាសវៃនាំយើងឱ្យមានសេចក្ដីសុខមានសន្ដិភាពស្គាល់ពិភពលោកក្នុងតំបន់ និងប្រទេសរបស់យើងផ្ទាល់។
លើសពីនេះទៅទៀត លោកឧត្តមសេនីយ៍ ក៏បានសង្កត់យ៉ាងធ្ងន់ៗ ថាយើងត្រូវតែចូលរួមរក្សាការពារដំណើរការបោះឆ្នោតគ្រប់ដំណាក់កាល ដើម្បីឱ្យការបោះឆ្នោតប្រព្រឹត្ត ទៅដោយសេរីត្រឹមត្រូវ និងយុត្តិធម៌។
នៅក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ ក៏បានផ្គាំផ្ញើដល់នាយ នាយរង កងរាជអាវុធហត្ថទាំងអស់ត្រូវយល់ជ្រួតជ្រាបនូវតួនាទី ភារកិច្ច និងបេសកកម្មរបស់ខ្លួនក្នុងការបម្រើជាតិមាតុភូមិ និងប្រជាពលរដ្ឋប្រកបដោយមនសិការស្នេហាជាតិ មានឆន្ទៈមោះមុត ស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រៈមហាក្សត្រ និងត្រួវយកចិត្តទុកដាក់ពង្រឹងសាមគ្គីផ្ទៃក្នុងកងរាជអាវុធហត្ថ អំពីទស្សនៈជំហរសកម្មភាព ដោយអនុវត្តម៉ឺងម៉ាត់តាមវិធាការផ្ទៃក្នុងទាំង០៩ចំណុច ដែល នាយឧត្តមសេនីយ៏ អគ្គមេបញ្ជាការរង និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដាក់ចេញក្នុងអង្គប្រជុំវិសាមញ្ញពង្រឹងការអនុវត្តន៏តួនាទីភារកិច្ច កងរាជអាវុធហត្ថ និងផ្សព្វផ្សាយសភាពការណ៏ថ្មីៗ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅនេះ។
(អត្ថបទៈ ខៀវ ដារ៉ា)