ភ្នំពេញៈ ក្នុងជំនួបសម្ដែងការគួរសម និងជួបពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការដែលកំពុងដំណើរការ និងគំរោងថវិកាចំនួន១០ម៉ឺនដុល្លា ដែលជាផែនការបន្តរបស់ប្រទេសបារាំងជួយដល់កងរាជអាវុធហត្ថ លោកវរសេនីយ៏ទោ ហ្វីលីព បូកេ នាយករងទីចាត់ការសហប្រតិបត្តិការសន្តិសុខ និងការពារក្រសួងការបរទេសបារាំងទទួលបន្ទុកសហប្រតិបត្តិការជាមួយនគរបាល អាវុធហត្ថ និងយោធានៅអាសីុជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ នេះ លោកវរសេនីយ៍ទោ ហ្វីលីព បូកេ មានប្រសាសន៍សម្ដែងនូវអំណរគុណចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ដែលបានចំណាយពេលវេលាដ៏មានតម្លៃអនុញ្ញាតឱ្យលោកជួបសម្ដែងការគួរសម និងពិភាក្សាការងារក្នុងឱកាសដែលលោកមកទស្សនៈកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។
លោកវរសេនីយ៍ទោ បានបន្តទៀតថា នៅក្នុងរយៈពេលបំពេញបេសកកម្មនៅកម្ពុជាលោកទទួលបានកិច្ចសហការល្អជាមួយនគរបាលជាតិ ក្រសួងការពារជាតិកម្ពុជាក៏ដូចជាមួយកងរាជអាវុធត្ថ។
លោកក៏បានបញ្ជាក់ផងដែរថា៖រដ្ឋាភិបាលនៃសាធារណៈរដ្ឋបារាំងនៅតែបន្តសហការប្រត្តិបត្តិការល្អជាមួយប្រទេសកម្ពុជាលើការបណ្តុះបណ្តាលការងារហ្វឹកហ្វឺន នឹងជួយពង្រឹងផ្នែកច្បាប់ដល់កងយោធពលខេមរភូមិន្ទនិងកងរាជអាវុធហត្ថ។
នាយឧត្តមសេនីយ៍ សៅ សុខា បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ និងជូនពរ ដំណើរទស្សនៈកិច្ចសម្រេចបានជោគជ័យជូនរដ្ឋាភិបាល។ បន្ទាប់មកទៀតនាយឧត្តមសេនីយ៍ ក៏បានលើកអំពីប្រវត្តិអាវុធហត្ថ រចនាសម្ព័ន្ធនិងតួនាទីភារកិច្ចរបស់កងរាជអាវុធហត្ថជូនដល់គណៈប្រតិភូរ ជាពិសេសចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងរាជអាវុធហត្ថកម្ពុជា និងកងរាជអាវុធហត្ថជាតិបារាំងនៃប្រទេសទាំងពីរកាន់តែត្រូវបានពង្រឹងឡើងថែមទៀត។
មិនតែប៉ុណ្ណោះ នាយឧត្តមសេនីយ៍ ក៏បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនៃសាធារណៈរដ្ឋបារាំងតាមរយៈលោកវរសេនីយ៍ទោនាយករងទីចាត់ការសហប្រតិបត្តិការសន្តិសុខបារាំងដែលបានយកចិត្តទុកដាក់ជួយជ្រោមជ្រែងសម្ភារៈបច្ចេកទេសនិងយោធាចារ្យជំនាញអាវុធហត្ថជាតិបារាំងលើការងារបណ្តុះបណ្តាលនិងបំប៉នជំនាញដល់កងរាជអាវុធហត្ថរបស់យើង និងជួយឧបត្ថម្ភដល់សិក្ខាកាមកងរាជអាវុធហត្ថដែលបានទៅសិក្សានៅប្រទេសបារាំង។