បាត់ដំបងៈ ជនសង្ស័យម្នាក់ ត្រូវបាន កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកមោងឫស្សី បានធ្វើការឃាត់ខ្លួន មានជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន។
នេះបើតាមការឱ្យដឹងពី មន្ត្រីកងរាជអាវុធហត្ថស្រុកមោងឫស្សី បានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះផងដែរ គឺធ្វើឡើងនៅវេលាម៉ោង២០ និង២០នាទីយប់ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ភូមិគារ៣ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
មន្ត្រីដដែល បានបន្តឱ្យដឹងទៀតថា ជនសង្ស័យដែលត្រូវបានកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះមានឈ្មោះ ញាណ ប៉ូឡូ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិតាតុក២ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
មន្ត្រីដដែល បានបញ្ជាក់ឱ្យដឹងទៀតថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមាន ៈ
១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០៣កញ្ចប់ ដែលមានទម្ងន់ ១.៣៣ក្រាម
២. ម៉ូតូ ចំនួន០១គ្រឿង
៣. ទូរស័ព្ទដៃ ចំនួន០១គ្រឿង និងឧបករណ៍សម្រាប់សេពគ្រឿងញៀនមួយចំនួន។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។
(អត្ថបទៈ ម៉ាន់ ដាវីត)