អហ.បន្ទាយមានជ័យ៖ ក្មេងទំនើងចំនួន៤នាក់បាននាំគ្នាទៅអ៊ុកឡុកក្នុងភូមិឱកាសអ្នកភូមិបានធ្វើពិធីអបអរសាទរបុណ្យភ្ជុំបិណ្យជិតថ្ងៃបង្ហើយត្រូវបានកំលាំងអាវុធខេត្តបន្ទាយមានជ័យចុះធ្វើការបង្ក្រាប។ក្មេងទំនើងបង្កអ៊ុកឡុកក្នុងពិធីភ្ជុំបិណ្ឌនេះនៅវេលាម៉ោង១ល្ងាច ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៥ នៅចំណុច ភូមិឈូក សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ លោកឧត្តមសេនីយ៍ ត្រី ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបាននិយាយថាក្មេងទំនើងទាំង៤នាក់នោះមានឈ្មោះ ១.ឈ្មោះប៊ូ ច័ន្ទរះ ភេទ ប្រុស អាយុ ១៨ឆ្នាំ ២.ឈ្មោះកុកកួយប្រុសអាយុ១៩ឆ្នាំ ៣.ឈ្មោះដឿត ហឺ ភេទ ប្រុស អាយុ១៩ និង ៤.ឈ្មោះ ខូយ សាវង្ស ភេទ ប្រុស អាយុ១៩ឆ្នាំ អ្នកទាំង៤នាក់រស់នៅ ភូមិពង្រ សង្កាត់ កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។លោកឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ បាននិយាយបន្តទៀតថាយោងតាមពាក្យបណ្តឹងរបស់ឈ្មោះតេង សុផារ័ត្ន នៅភូមិ បត់ត្រង ឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាមានជ័យ បានប្តឹងជនជាប់ចោទទាំង៤នាក់ថាបានប៉ុនប៉ងប្រើអំពើហឹង្សាមកលើរូបខ្លួន។លោកឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ បានបញ្ជាក់ទៀតថាមុនពេលកើតហេតុឈ្មោះ តេង សុផារ័ត្ន បាននាំមិត្តភ័ក្រទៅលេងផ្ទះគូរដណ្តឹងឈ្មោះ ចេក ផ្លានីន ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិកើតហេតុ ខាងលើ នាឱកាសនោះដែរផ្ទះរបស់គូរដណ្តឹងបានធ្វើពិធីជប់លៀងដើម្បីអបអរសាទរក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។លុះនៅម៉ៅង១ល្ងាចថ្ងៃទី១១ស្រាប់តែមានក្មេងទំនើងមួយក្រុមមានគ្នា៤នាក់បានចូលមកអ៊ុកឡុកក្នុងពិធីជប់លៀងនេះដោយស្រែកគំរាមថា ផ្ទះនឹងដែលបានជេរអញតាមទូរស័ព្ទពេលនោះក្មេងទំនើងទាំង៤នាក់មានទាំងដំបងឆក់ កាំបិទបានស្ទុះចូលទៅរកកាប់សម្លាប់មនុស្សក្នុងពិធីជប់លៀងយ៉ាងសាហាវតែពេលនោះបានឪពុកខាងស្រីចេញមកឃាត់ហើយបានទូរស័ព្ទទៅប្ដឹងអាវុធហត្ថដើម្បីឲ្យចុះមកបង្រ្កាប។ភ្លាមៗនោះអាវុធហត្ថចំនួន៥នាក់ដែលដឹកនាំដោយលោកវរសេនីយ៍ ត្រី ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៍ចុះទៅបង្ក្រាបបានទាំងសំបុកយកមកទីបញ្ជាការកងរាជអាវុធហត្ថខេត្តដើម្បីសាកសួរ។លោកឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ បញ្ជាក់ទៀតថាបើតាមធ្វើការស្រាវជ្រាវរបស់អាវុធហត្ថរឿងនេះបណ្តាលមកពីការយល់ច្រឡំពីរឿងរាវស្នេហាទើបក្មេងទំនើងទាំង៤នាក់នេះឈានប្រើអំពើហឹង្សាយ៉ាងដូច្នេះ។ជនសង្ស័យទាំង៤នាក់ត្រូវបានកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការដាក់ទោសទៅតាមផ្លូវច្បាប់៕