បន្ទាយមានជ័យៈ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកម៉ាឡៃ ធ្វើការឃាត់ខ្លួន ខណះពេលដែលជនសង្ស័យកំពុងចែកចាយគ្រឿងញៀន នៅចំណុចភូមិអូរកាច់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង០៣ និង០០នាទី រសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧។
ប្រតិបត្តិការនេះកម្លាំងកងរាជអាវុធហត្ថ បានធ្វើការចាប់យកបានវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីនគ្រាប់ចំនួន១០៩គ្រាប់។
លោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានឲ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា នៅចំណុចភូមិអូរកាច់ មានបុរសម្នាក់កំពុងចែកចាយគ្រឿងញៀន នៅចំណុចកើតហេតុខាងលើ ។
បន្ទាប់ពីទទួលបានព័ត៌មាននេះហើយ លោកវរសេនីយ៍ត្រី តាំង សុខហេង បានដឹកនាំកម្លាំងអាវុធហត្ថ ចុះធ្វើការស្រាវជ្រាវរហូតឈានទៅដល់ការឃាត់ខ្លួនបានជនសង្ស័យម្នាក់ ហើយបានធ្វើការឆែកឆេរក្នុងខ្លួនជនសង្ស័យរកឃើញថ្នាំប្រភេទមេតំហ្វេតាមីុន(យ៉ាម៉ា)ចំនួន៣២គ្រាប់។
លោកវរសេនីយ៍ត្រី តាំង សុខហេង បានបញ្ជាក់ទៀតថា ក្រោយមកទៀតកម្លាំងកងរាជអាវុធហត្ថបានចុះឆែកឆេរផ្ទះជនសង្ស័យបន្ត ដោយមានការសម្របសម្រួល ពីលោក មាស ច័ន្ទពិសិទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានរកឃើញថ្នាំញៀនចំនួន៧៧គ្រាប់ទៀតសរុបស្មើនឹង១០៩គ្រាប់។
ជនសង្ស័យក្រោយពីឃាត់ខ្លួនហើយ បានបញ្ជូនមកបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដើម្បីសាកសួរបន្ត។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារបទល្មើសគ្រឿងញៀន បានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ នុត យិន ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិអូរកាច់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានបញ្ជាក់ទៀតថា នៅមុខមន្ត្រីកងរាជអាវុធហត្ថ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនគេពិតជាបានជួញដូរថ្នាំញៀននៅចំណុចកើតហេតុពិតប្រាកដមែន។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។