You are currently viewing ជនសង្ស័យចំនួន០២នាក់ ត្រូវបានឃាត់ខ្លួន មានជាប់ពាក់ព័ន្ធជាមួយសារធាតុញៀន

ជនសង្ស័យចំនួន០២នាក់ ត្រូវបានឃាត់ខ្លួន មានជាប់ពាក់ព័ន្ធជាមួយសារធាតុញៀន

បាត់ដំបងៈ ជនសង្ស័យចំនួន០២នាក់ ត្រូវបាន កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង សហការជាមួយ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងបាត់ដំបង បានធ្វើការឃាត់ខ្លួន មានជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន។

នេះបើតាមការឱ្យដឹងពី មន្ត្រីកងរាជអាវុធហត្ថខេត្តបាត់ដំបង បានឱ្យដឹងថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺធ្វើឡើងជាពីរដំណាក់កាល ដោយប្រតិបត្តិការលើកទី១ គឺធ្វើឡើងនៅវេលាម៉ោង១៩ និង០០នាទីយប់ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចជិតរបងខាងក្រោយពេទ្យធំ ស្ថិតក្នុងភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្ថបាត់ដំបង ដោយបានធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ មានឈ្មោះ ទួត ម៉ាត់រ៉ូហ្សែត ភេទប្រុស អាយុ ២៩ ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិរំចេក១ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

បន្ទាប់ពីបានធ្វើការឃាត់ខ្លួនរួចមក ជនសង្ស័យត្រូវបានបញ្ចូនមកបញ្ជាការដ្ឋានខេត្ត ដើម្បីបន្តធ្វើការសាកសួរ។ បន្ទាប់ពីធ្វើការសាកសួររួចមក ជនសង្ស័យ បានឆ្លើយសារភាពថា រូបគេមានបក្ខពួកម្នាក់ទៀតមានឈ្មោះ ឈន វណ្ណី ហៅ ដែត ភេទស្រី អាយុ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់់ដំបង ខេត្តបាត់់ដំបង។

ក្រោយពីទទួលបានចម្លើយសារភាពរួចមក នៅវេលាម៉ោង០៩ និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង និងកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងបាត់ដំបង បានបន្តធ្វើការស្រាវជ្រាវ រហូតអាចឈានទៅដល់ការឃាត់ខ្លួនបានជនសង្ស័យខាងលើ និងបានធ្វើការចាប់យកវត្ថុតាងមួយចំនួន ពីជនសង្ស័យរួមមាន ៈ
១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០២កញ្ចប់ ដែលមានទម្ងន់ ០.៤០ក្រាម
២. ទូរស័ព្ទដៃ ចំនួន០២គ្រឿង និងឧបករណ៍សម្រាប់សេពគ្រឿងញៀនមួយចំនួន។

ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។


(អត្ថបទ ម៉ាន់ ដាវីត)