ស្ទឹងត្រែងៈ ជនសង្ស័យម្នាក់ ត្រូវបាន កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសៀមប៉ាង បានធ្វើការឃាត់ខ្លួន មានជាប់ពាក់ព័ន្ធជាមួយករណីប្រទូស្តកេរ្ត៍ខ្មាស់។
នេះបើតាមការឱ្យដឹងពី មន្ត្រីកងរាជអាវុធហត្ថស្រុកសៀមប៉ាង បានឱ្យដឹងថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺធ្វើឡើងនៅវេលាម៉ោង១១ និង០០នាទីព្រឹក ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិលុន ឃុំសេតុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
មន្ត្រីដដែល បានបន្តឱ្យដឹងទៀតថា ជនសង្ស័យដែលត្រូវបានកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះមានឈ្មោះ ក្លង់ ប៊ុនធឿន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ រស់នៅភូមិលុន ឃុំសេតុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
មន្ត្រីដដែល បានបញ្ជាក់ឱ្យដឹងទៀតថា ជនសង្ស័យខាងលើនេះ គឺធ្វើឡើងទៅតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ក.ខ.គ អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ រស់នៅភូមិឃុំកើតហេតុខាងលើ ដែលបានចោទប្រកាន់ទៅលើជនសង្ស័យខាងលើ ថាបានលូកស្ទាបខ្លួន កាលពីវេលាម៉ោង១៨ និង៤៧នាទី ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ ត្រង់ចំណុចភូមិលុន ឃុំសេតុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើ ដូចជាការចោទប្រកាន់ពិតប្រាកដមែន។
ជនសង្ស័យ ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។
(អត្ថបទ ម៉ាន់ ដាវីត)