បន្ទាយមានជ័យ៖ ព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បាននិងកំពុងប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តម អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ឯកឧត្តម សួន បវរ អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។ ក្នុងពិធីនោះមានការចូលរួមពីសំណាក់ ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី និងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថជាច្រើនរូបផងដែរ។
យោងតាមសេចក្តីរាយការណ៍របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងថា អគារសេនាធិការដ្ឋាននិងសមិទ្ធផលទាំងនេះ បានផ្តើមចេញពីស្មារតីទទួលខុសត្រូវ និងមានឆន្ទៈលះបង់ខ្ពស់ ក្នុងអំឡុងដើមឆ្នាំ២០១៣ ដោយបានធ្វើការទំនាក់ទំនងជាមួយបងប្អូនអាជីវករជនជាតិសឹង្ហបូរីនិងចិន ដើម្បីឱ្យជួយគាំទ្រថវិកាដល់គម្រោងសាងសង់នេះ។ អគារសេនាធិការដ្ឋានមានកម្ពស់៤ជាន់ ស្មើនឹង៤០៥,៦៥ម៉ែត្រការ៉េ និងហេដ្ឋារចនាសម្ពន្ធជាច្រើនទៀត ព្រមទាំងសម្ភារៈ បរិក្ខារ ចំណាយថវិកាសរុបចំនួន ៥០៥.៨៨៧,៧៥ដុល្លារ ដែលជាថវិកាបានមកពីការជួយឧបត្ថម្ភពីសំណាក់សប្បុរជន និងនាយទាហាននៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។
ក្រោយពីការចូលរួមមតិរបស់ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ រួចមក ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានមានប្រសាសន៍ថា សមិទ្ធផលនាថ្ងៃនេះ ជាមួយនឹងសមិទ្ធផលរួមដែលកំពុងរីកដុះដាលដូចផ្សិតពេញផ្ទៃប្រទេស ដែលកើតឡើងដោយសារការដឹកនាំប្រទេសរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ បានរួមចំណែកកែលម្អសោភ័ណភាព បរិស្ថាន មុខមាត់ខេត្តបន្ទាយមានជ័យដែល ជាខេត្តមានព្រំប្រទល់ជាប់ជាមួយប្រទេសជិតខាង ហើយជាតំបន់ដែលភ្ញៀវទេសចរណ៍ឆ្លងកាត់ និងជាច្រក សេដ្ឋកិច្ចដ៏សំខាន់ ក្នុងការតភ្ជាប់ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ លើផ្លូវគោក។
ឯកឧត្តម នាយឧត្តមសេនីយ៍ បានមានប្រសាសន៍បញ្ជាក់ថា សមិទ្ធផលទាំងនេះកើតឡើងបានក៏ដោយសាររាជរដ្ឋាភិបាលមានគោលនយោបាយទាក់ទាញ ធ្វើឱ្យអ្នកវិនិយោគជឿទុកចិត្ត។ ដោយសារមានការចូលរួមថែរក្សាសន្តិសុខល្អពីកងកម្លាំងមានសមត្ថកិច្ច ក្នុងនោះក៏មានកងរាជអាវុធហត្ថយើងផងដែរ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ បានថ្លែងនូវការកោតសរសើរនិងអរគុណចំពោះលោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ត្រី ឱ បូរិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងនាយទាហាននៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យទាំងមូល ព្រមទាំងសប្បុរជនទាំងអស់ដែលបានបរិច្ចាគធនធានរួមចំណែកក្នុងការកសាងនូវសមិទ្ធផលដែលមានតម្លៃ ជាប្រវត្តិសាស្ត្រក្នុងសម័យសម្តេចតេជោ។
ជាមួយគ្នានោះ ឯកឧត្តម នាយឧត្តមសេនីយ៍ បានជម្រាបជូនអង្គពិធីទាំងមូលឱ្យដឹងថា ដោយអនុវត្តតាមផែនការកែទម្រង់ កងយោធពលខេមរភូមិន្ទរយៈពេល ៥ឆ្នាំ (២០១៥-២០១៩) កងរាជអាវុធហត្ថបានរៀបចំយុទ្ធសាស្ត្រស្នូលចំនួន៤ជាអាទិភាព៖ ទី១-កិច្ចការងារកសាងកម្លាំង ទី២-កិច្ចការងារហ្វឹកហ្វឺន អប់រំបណ្តុះបណ្តាល ទី៣-កិច្ចការងារកសាងអង្គភាព និងទី៤-ការតម្រង់ទិស ពង្រឹងប្រសិទ្ធភាពការអនុវត្តនូវតួនាទី ភារកិច្ច។ ដូច្នេះសមិទ្ធផលដែលយើងសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ មិនមែនកើតឡើងដោយឯកឯងទេ គឺកងរាជអាវុធហត្ថមានយុទ្ធសាស្ត្រច្បាស់លាស់។ ហើយថវិកាចំណាយមានបរិមាណច្រើន ដែលជាការជួយឧបត្ថម្ភរបស់សប្បុរជន គឺបង្ហាញនូវជំនឿមកលើកងរាជអាវុធហត្ថ និងដោយសារអង្គភាពនេះមានវិន័យ សាមគ្គី ទំនាក់ទំនងល្អ បម្រើសេវាសន្តិសុខបានល្អ។
ក្នុងឱកាសដ៏មានតម្លៃនាពេលនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ បានផ្តាំផ្ញើរឱ្យនាយទាហាន និងនាយទាហានរងនៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យទាំងអស់ដូចតទៅ៖
១- ត្រូវខិតខំថែរក្សាសមិទ្ធផលទាំងនេះឱ្យបានគង់វង្ស យូរអង្វែងសម្រាប់តជំនាន់ក្នុងផលប្រយោជន៍បម្រើប្រជាជននិងប្រទេសជាតិ
២- បន្តពង្រឹងសាមគ្គីឯកភាពផ្ទៃក្នុង ស្មារតីសហការ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
៣- បន្តពង្រឹងវិន័យ ក្រមសីលធម៌វិជ្ជាជីវៈ
៤- បន្តហ្វឹកហ្វឺន អប់រំ ពង្រឹងកាយសម្បទា និងលើកកម្ពស់សមត្ថភាពជាប្រចាំ
៥- បន្តយកចិត្តទុកដាក់ដោះស្រាយគោលនយោបាយលើកទឹកចិត្ត គោលនយោបាយដោះស្រាយការលំបាក និងជួយគ្នាទៅវិញទៅមកក្នុងក្របខណ្ឌស្មារតីនៃមហាគ្រួសារកងរាជអាវុធហត្ថ
៦- ក្នុងកិច្ចប្រតិបត្តិតួនាទី ភារកិច្ច ត្រូវរក្សាឱ្យបានការគោរពច្បាប់ គោរពសេចក្តីថ្លៃថ្នូររបស់មនុស្ស និងប្រកាន់ភ្ជាប់នូវសីលធម៌
៧- ធ្វើការស្រាវជ្រាវ ត្រួតពិនិត្យចរាចរណ៍អាវុធជាតិផ្ទុះ និងការប្រើប្រាស់មធ្យោបាយកងទ័ព (ខម) ។ បង្ក្រាបការប្រើប្រាស់អាវុធជាតិផ្ទុះ និងមធ្យោបាយកងទ័ពបំពានច្បាប់។
៨- បន្តយកចិត្តទុកដាក់ ចាត់តាំងអនុវត្តឱ្យមានប្រសិទ្ធភាពនូវយុទ្ធនាការទ្រង់ទ្រាយធំដែលរាជរដ្ឋា-ភិបាលបានដាក់ចេញរួមមាន៖
– យុទ្ធនាការទប់ស្កាត់និងបង្ក្រាបបទល្មើសគ្រឿងញៀន
– យុទ្ធនាការទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ
– យុទ្ធនាការទប់ស្កាត់និងបង្ក្រាបបទល្មើសជលផល
– ការការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាជនកម្សាន្តសប្បាយ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ
– បន្តយកចិត្តទុកដាក់សហការជាមួយបណ្តាកងកម្លាំងនិងអាជ្ញាធរមានសមត្ថកិច្ច ការពារសន្តិសុខ សុវត្ថិភាពការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខ
– បន្តធ្វើការស្រាវជ្រាវនិងបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ជាពិសេសបទល្មើសឃាតកម្ម ប្លន់ប្រដាប់អាវុធ លួច ឆក់ ការចាប់ជំរិតទារប្រាក់ ការជួញដូរមនុស្ស ។ល។
(អត្ថបទៈ ឧ.អេង ហីុ)