កំពង់ឆ្នាំងៈ នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌល ហ្វឹកហ្វឺនភ្នំជំរាយ កងរាជអាវុធហត្ថ បានប្រារព្ធពិធីផ្សព្វផ្សាយ ការងារអប់រំចិត្តសាស្ត្រ ប្រចាំឆមាសទី១ ឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ ឌៀបវណ្ឌី នាយរងសេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលការងារទំនាក់ទំនងសាធារណៈ និងដោយមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ និងនាយ នាយរង កងរាជអាវុធហត្ថ សរុបចំនួន៣៧៦នាក់។
ការផ្សព្វផ្សាយនេះ គឺធ្វើឡើងដើម្បីឲ្យបងប្អូនកងរាជអាវុធហត្ថយល់ជ្រូតជ្រាបនូវតួនាទី ភារកិច្ច ក៏ដូចជាការពង្រឹងនូវសតិអារម្មណ៍ ព្រមទាំងការវិវត្តន៍នៃសភាពការណ៍ថ្មីៗ របស់ប្រទេសជាតិ-អន្តរជាតិ សភាពការណ៍របស់កងយោធពលខេមរភូមិន្ទ និងសភាពការណ៍របស់កងរាជអាវុធហត្ថនាពេលបច្ចុប្បន្ន។
ឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី បានមានប្រសាសន៍ថា ការអប់រំចិត្តសាស្រ្តនេះ គឺអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏ដូចជាការណែនាំពី
ឯកឧត្តម ឧត្តមសេនីយ៍ឯក សិុន សូផាន្នី មេបញ្ជាការរងទទួលផែនការងារកសាងកម្លាំង ដើម្បីពង្រឹងនូវគោលជំហរ សតិអារម្មណ៍ ក្តាប់ជាប់ការវិវត្តន៍ នៃសភាពការណ៍នយោបាយ និងសន្តិសុខជាតិថ្មីៗ ព្រមទាំងឲ្យយល់ជ្រូតជ្រាបពីតួនាទី ភារកិច្ច ពីបេសកកម្ម របស់កងរាជអាវុធហត្ថ ក្នុងការបម្រើជាតិ មាតុភូមិ បម្រើប្រជាពលរដ្ឋ ប្រកបដោយមនសិការ ស្នេហាជាតិ និងធ្វើឲ្យមានឆន្ទះ មោះមុត ស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ចំពោះរាជរដ្ឋាភិបាល និងដើម្បីពង្រឹងសមត្ថភាពចំណេះដឹងផ្សេងៗទៀត ដែលនៅខ្វះចន្លោះនិងកំហុសឆ្គងមួយចំនួន។
(អត្ថបទៈ ម៉ាន់ ដាវីត)