ឧត្តរមានជ័យៈ ជនសង្ស័យម្នាក់ ត្រូវបាន កម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងស្នាក់ការសន្តិសុខ កងរាជអាវុធហត្ថស្រុកអូរស្មាច់ បានធ្វើការឃាត់ខ្លួន សង្ស័យមានជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន។
នេះបើតាមប្រភពពត៌មានពីមន្ត្រី កងរាជអាវុធហត្ថស្រុកអូរស្មាច់ បានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺធ្វើឡើងនៅវេលាម៉ោង១៤ និង០០នាទីរសៀល ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិអូរពក សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
មន្ត្រីដដែល បានបន្តឱ្យដឹងទៀតថា ជនសង្ស័យដែលត្រូវបានកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះមានឈ្មោះ ឈឿន ពុំងារ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិចំការចេក សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
មន្ត្រីដដែល បានបញ្ជាក់ឱ្យដឹងទៀតថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមាន ៈ
១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០១កញ្ចប់
២. ថ្នាំញៀនប្រភេទយ៉ាម៉ាពណ៍ក្រហម ចំនួន០១គ្រាប់
៣. ទូរស័ព្ទដៃ ចំនួន០១គ្រឿង
៤. ម៉ូតូ ចំនួន០១គ្រឿង។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។
(អត្ថបទៈ ម៉ាន់ ដាវីត)