ភ្នំពេញៈ នៅសាលសវនាការ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានទទួលជួបសំណេះសំណាល និងជូនពរឆ្នាំថ្មីប្រពៃណីខ្មែរពីប្រតិភូទីក្រុងកាន់ធើនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោក ផាំ វ៉ាន់ ហៀវ អនុលេខាបក្សទីក្រុងកាន់ធើ។
លោក ផាំ វ៉ាន់ហៀវ បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អនុញ្ញាតឲ្យប្រតិភូទីក្រុងកាន់ធើ ចូលជួបសំណេះសំណាលនិងជូនពរឆ្នាំថ្មីប្រពៃណីខ្មែរ ដែលនឹងឈានចូលខាងមុខនេះ ដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងប្រជាជនកម្ពុជាទាំងមូល។ លោក ផាំ វ៉ាន់ហៀវ បានបន្តថា ប្រទេសទាំងពីរ កម្ពុជា វៀតណាម មានព្រំដែនជាប់គ្នា មានប្រពៃណីសាមគ្គីភាព មិត្តភាពល្អជាមួយគ្នា យូរមកហើយ រហូតមកដល់បច្ចុប្បន្ន គឺតាំងពីក្នុងសម័យតស៊ូរំដោះប្រទេសជាតិ ប្រឆាំងនឹងពួកឈ្លានពាន ក៏ដូចជាក្នុងការកសាងនិងអភិវឌ្ឍប្រទេសជាតិទៅវិញទៅមក។
លោក ផាំ វ៉ាន់ហៀវ សង្ឃឹមថា ប្រពៃណីសាមគ្គីភាព មិត្តភាពរវាងប្រទេសទាំងពីរ ប្រជាជនទាំងពីរ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរគ្រប់លំដាប់កម្ពុជា វៀតណាម នៅតែរឹងមាំស្ថិតស្ថេរតទៅមុខទៀត។
លោកប្រធានប្រតិភូ បានសង្កេតឃើញថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការអភិវឌ្ឍប្រទេស មិនឈប់ឈលើគ្រប់វិស័យ ធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ត្រូវបានបង្កើនពីមួយថ្ងៃទៅមួយថ្ងៃ។
ឆ្លៀតក្នុងឱកាសនេះ សូមជូនពរឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា និងថ្នាក់ដឹកនាំកងរាជអាវុធហត្ថទាំងអស់ មានសុខភាពបរិបូរណ៍ មានសុភមង្គលគ្រប់ក្រុមគ្រួសារ និងសម្រេចភារកិច្ចបានជោគជ័យដែលរាជរដ្ឋាភិបាលប្រគល់ជូន ទទួលបានការគាំទ្រពីប្រជាជន មហាជន។
ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូទីក្រុងកាន់ធើទាំងអស់ ដឹកនាំដោយលោក ផាំ វ៉ាន៉ហៀវ អញ្ជើញមកបំពេញទស្សនកិច្ចការងារ និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដល់ថ្នាក់ដឹកនាំកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
ឯកឧត្តម នាយឧត្តមសេនីយ៍ បានរំលឹកថា នៅពេលដែល ឯកឧត្តម មានវត្តមាន បំពេញទស្សនកិច្ចនៅទីក្រុងកាន់ធើ ទាំងថ្នាក់ដឹកនាំ ទាំងមន្រ្តី ទាំងរដ្ឋ ទាំងប្រជាជន ទាំងកងកម្លាំង នគរបាលនិងកងទ័ព ម្នាក់ៗបានផ្តល់នូវការរាក់ទាក់ រាប់អានចំពោះឯកឧត្តម និងប្រតិភូអមដំណើរ។
ឯកឧត្តម នាយឧត្តមសេនីយ៍ បានអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រតិភូទីក្រុងកាន់ធើ ដែលបានមើលឃើញនូវភាពរីកចំរើនរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ និងការរីកចំរើនរបស់កងរាជអាវុធហត្ថកម្ពុជា។
ឯកឧត្តម បានបន្តថា សមិទ្ធផល ក៏ដូចជាស្នាដៃ និងភាពរីកចំរើនរបស់ប្រទេសជាតិ ទាំងវៀតណាម ទាំងកម្ពុជា ដោយសារតែប្រទេសយើងទាំងពីរ មានសន្តិភាព។
ដើម្បីសន្តិភាពនេះ យើងធ្លាប់ស្មាកៀកស្មា ចំណាយសាច់ឈាម ដើម្បីប្រយុទ្ធប្រឆាំងនិងសត្រូវឈ្លានពាន ហើយនាំមកសន្តិភាពដូចសព្វថ្ងៃ។
ឯកឧត្តម គិតថា អ្នកដែលបានប្តូរជីវិត បង្ហូរឈាម ដើម្បីសន្តិភាព ដើម្បីមិត្តភាព និងការរស់នៅមានការអភិវឌ្ឍដូចសព្វថ្ងៃនេះ ពិតជានឹងឲ្យពរជ័យដល់យើងទាំងអស់គ្នាដែលរស់នៅ ពេលមានបុណ្យទាននេះ។
ក្នុងឱកាសនេះ ឯកឧត្តម សូមសម្តែងនូវទឹកចិត្ត គោរពវិញ្ញាណក្ខ័ន្ធចំពោះអ្នកដែលបានពលីជីវិត ដើម្បីសន្តិភាព មត្តិភាព និងខិតខំថែរក្សាគំរូវិរភាព លះបង់ទាំងអស់នោះ ដើម្បីសន្តិភាព មត្តិភាព កម្ពុជា វៀតណាម ឲ្យកាន់តែរឹងមាំយូរអង្វែងតទៅមុខទៀត។
ជាមួយនេះ ឯកឧត្តម ក៏បានសម្តែងនូវការអបអរសាទរ ចំពោះសមិទ្ធផល និងជោគជ័យលើគ្រប់ផ្នែករបស់ប្រជាជនវៀតណាម ក្នុងការអភិវឌ្ឍប្រទេសវៀតណាម ឲ្យមានការរីកចំរើន។