You are currently viewing ឧត្តមសេនីយ៍ទោ រ័ត្ន ស្រ៊ាង ចេញបទបញ្ជាឱ្យបណ្តាខណ្ឌ​យកចិត្តទុក​ជួយ​សម្រួលចរាចរណ៍​នៅតាមផ្លូវច្រកចូលរាជធានីភ្នំពេញ

ឧត្តមសេនីយ៍ទោ រ័ត្ន ស្រ៊ាង ចេញបទបញ្ជាឱ្យបណ្តាខណ្ឌ​យកចិត្តទុក​ជួយ​សម្រួលចរាចរណ៍​នៅតាមផ្លូវច្រកចូលរាជធានីភ្នំពេញ

អហ ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៥ ឯកឧត្តម ឧត្តមសេនីយ៍ទោ រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា​មេបញ្ជាការ​កងរាជអាវុធហត្ថរាជធានី បានចេញបទបញ្ជាឱ្យបណ្តាខណ្ឌ​យកចិត្តទុកជួយសម្រួលការ​កកស្ទះចរាចរណ៍នៅតាមផ្លូវ​ច្រកចូលរាជធានី​ភ្នំពេញ និងពង្រឹងការរក្សាការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ។ តាមប្រសាសន៍របស់ឯកឧត្តម ឧត្តមសេនីយ៍ទោ មេបញ្ជាការ បានបញ្ជាក់ថាៈ ដោយកត់សម្គាល់ឃើញថាជារៀងរាល់ឆ្នាំ បន្ទាប់ពីការចេញដំណើរ​ទៅតាមបណ្តា​ខេត្ត​ក្នុង​ឱកាសបុណ្យភ្ជុំបិណ្ឌ ចំពោះមុខចាប់ពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៥ នឹងមានការវិលត្រឡប់ពី​តាមបណ្តាខេត្តវិញ​ពីគ្រប់ផ្លូវជាតិច្រកចេញចូល​មក​កាន់រាជធានីភ្នំពេញ ដែលជាហេតុនាំឲ្យមានការកកស្ទះចរាចរណ៍លើដងផ្លូវ ក៏ដូចជាអាចកើតមានឡើងនូវករណីគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ។

– ដើម្បីជាស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តការងារជាក់ស្តែងចំពោះមុខ មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដាក់ចេញនូវ​វិធាន​ការមួយចំនួនដូចខាងក្រោម៖
– មេបញ្ជាការគ្រប់បណ្តាអង្គភាពមូលដ្ឋាន អហ ខណ្ឌទាំង១២ ប្រធានមន្ទីរ ការិយាល័យជំនាញ កងអន្តរាគមន៍ កងបើកបរយាន្តយន្ត ផ្នែកចំណុះ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ទាំងមូលត្រូវប្រមូលផ្តុំកម្លាំងទាំងអស់ដើម្បីធានាក្នុងការ​ចុះអនុវត្ត​សម្រួលសណ្តាប់ធ្នាប់​ចរាចរណ៍​តាម​គោលដៅក្នុងភូមិសាស្រ្តដែលទទួលខុសត្រូវ។
– មេបញ្ជាការអង្គភាពទាំងអស់ត្រូវចុះជាប់ដឹកនាំបញ្ជាដោយផ្ទាល់តាមគោលដៅ ដោយបែងចែក​កម្លាំង​លើគោលដៅ​កកស្ទះ​នីមួយៗ​ជា៣គោលដៅ​តូចៗគឺៈ ខាងដើម កណ្តាល និងខាងចុង ដោយគោលដៅតូចៗទាំង៣ត្រូវប្រើប្រាស់ICOOM ជាមធ្យោបាយទំនាក់ទំនងគ្នា ចៀសវាងការប្រើICOOM លេខជាន់គ្នាច្រើនគ្រឿងនាំឲ្យរំខានពិបាកក្នុងការទាក់ទងធ្វើការងារ។
– មេបញ្ជាការអង្គភាពត្រូវបញ្ជាទៅគោលដៅនិមួយៗឲ្យអនុវត្តការបើក ឬបិទតាមសភាពចរាចរណ៍ជាក់ស្តែង​ចៀសវាង​ការដាក់កម្លាំង​ឈរពង្រាយ​លើដងផ្លូវ​គ្មានគោលដៅច្បាស់លាស់ដូចរយៈពេលកន្លងទៅ គ្មានមធ្យោបាយទំនាក់ទំនងទទួលបញ្ជាអនុវត្តឲ្យបានរលូនសុីសង្វាក់គ្នា ដែលជាហេតុធ្វើឲ្យកាន់តែមានការកកស្ទះខ្លាំងឡើង។
– ជាមួយគ្នានេះដែរ បណ្តាអង្គភាពទាំងអស់ក៏ត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យ បង្ការ បង្រ្កាប ទប់ស្កាត់ឲ្យបានទាន់ពេលវេលា​នូវរាល់សកម្មភាព​ចោរកម្ម លួចគាស់ផ្ទះ ឆក់ ប្លន់ដែលធ្វើសកម្មភាពក្នុងមូលដ្ឋាន។
ទទួលបានសេចក្តីណែនាំនេះ មេបញ្ជាការគ្រប់បណ្តាអង្គភាពត្រូវយកចិត្តទុកដាក់អនុវត្តដោយចុះដឹកនាំបញ្ជាផ្ទាល់នៅគោលដៅ ដោយស្មារតី​ទទួលខុស​ត្រូវ និងមានប្រសិទ្ធិភាពខ្ពស់។

IMG_1885

IMG_1890

IMG_1893