កណ្តាលៈ នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំមន្ត្រីកងរាជអាវុធហត្ថ ចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកណ្តាល អញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខដោយផ្ទាល់ដល់លំនៅដ្ឋាន របស់ក្រុមគ្រួសារអាវុធហត្ថកំពុងជួបការលំបាក អាវុធហត្ថមានជំងឺ និងអាវុធហត្ថចូលនិវត្តន៍ ៨គ្រួសារ ព្រមទាំងអតីតយុទ្ធជន សឹករងខេត្តកណ្តាល ព្រមទាំងផ្តល់អំណោយនិងថវិកាមួយចំនួន។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សំ តុលា បានពាំនាំការសួរសុខទុក្ខ និងជូនពរឆ្នាំថ្មី ប្រពៃណីខ្មែរ ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងការសួរសុខទុក្ខពីឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ នាយសេនាធិការចំរុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានសមាគមន៍អតីតយុទ្ធជន ព្រមទាំងការសួរសុខទុក្ខនិងជូនពរឆ្នាំថ្មី ពីឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ជូនចំពោះនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថ ខេត្តកណ្តាល ដែលកំពុងជួបការលំបាក អាវុធហត្ថមានជំងឺដែលបានជួបគ្រោះថ្នាក់ចរាចរពេលបំពេញការងារនិងកំពុងសម្រាកព្យាបាលនៅផ្ទះ អាវុធហត្ថចូលនិវត្តន៍ និងអតីតយុទ្ធជន។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សំ តុលា បានមានប្រសាសន៍ ជូនពរដល់អាវុធហត្ថ និងក្រុមគ្រួសារ ទាំង ៨គ្រួសារ និង អតីតយុទ្ធជន សូមថែរក្សាសុខភាពឲ្យល្អ ខិតខំព្យាបាល ឆាបជាសះស្បើយពីជំងឺ និងបានត្រឡប់ចូលបំពេញការងារវិញ ក្នុងការបំរើសេវាសន្តិសុខជូនប្រជាជន ជូនជាតិមាតុភូមិ និងសូមទាវតាឆ្នាំថ្មី តាមជួយថែរក្សា គ្រប់ក្រុមគ្រួសារ និងអំណោយទាំងនេះគ្រាន់តែអាចដោះស្រាយជីវភាពរស់នៅរបស់បងប្អូនបានមួយរយៈពេលប៉ុណ្ណោះ លោកឧត្តមសេនីយ៍ត្រី សំ តុលា បានជម្រាបជូនថា អំណោយនិងថវិកា ទាំងអស់នេះ បានមកពីការចូលរួមបរិច្ចាកតាមសទ្ធា ពីមេបញ្ជការ មេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ ព្រមទាំងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តកណ្តាល។ នេះបញ្ជាក់ឲ្យឃើញពីសាមគ្គីភាព ឯកភាព ជួយ ដល់គ្រួសារកងរាជអាវុធហត្ថដែលកំពុងជួបការលំបាក អាវុធហត្ថមានជំងឺ និងអតីតយុទ្ធជន។
អំណោយក្នុងមួយគ្រួសារៗ ទទួលបាន រួមមាន អង្ករ២បាវ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ ១យួរ ត្រីខកំប៉ុង ១យួរ មី ២កេះ ទឹកក្រូច ១កេះ។
លោកអនុសេនីយ៍ទោ ទុយ រី ចូលនិវត្តន៍ ទទួលបានថវិកា ៧០ម៉ឺនរៀល លោកអនុសេនីយ៍ត្រី នៅ សាវុធ ជួបការលំបាក ទទួលបានថវិកា ១លាន២០ម៉ឺនរៀល លោកអនុសេនីយ៍ឯក ងួន ភារិន គ្រោះថ្នាក់ចរាចរ ទទួលបានថវិកា ៥០ម៉ឺនរៀល លោកព្រិន្ទបាលឯក ម៉េត សួនសុវណ្ណ គ្រោះថ្នាក់ចរាចរ ទទួលបានថវិកា ១លានរៀល លោកអនុសេនីយ៍ត្រី វ៉យ សាវ៉ុន ជួបការលំបាក ទទួលបានថវិកា ៧០ម៉ឺនរៀល លោកព្រិន្ទបាលឯក ស៊ឹម វុទ្ធី ជួបការលំបាក ១លានរៀល លោក ណន សុគុណ អតីតយុទ្ធជន ទទួលបានថវិកា ២០ម៉ឺនរៀល លោកនាយចំណង់ លី ជីវី ជួបការលំបាកទទួលបានថវិកា ៥០ម៉ឺនរៀល និងលោកវរសេនីយ៍ត្រី មាស សក្តិ គ្រោះថា្នក់ចរាចរ ទទួលបានថវិកា ៥៥ម៉ឺនរៀល។
លោកវរសេនីយ៍ត្រី មាស សក្តិ ក៏ដូចជាបងប្អូន ដែលទទួលបានអំណោយនិងថវិកា ក៏បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ និងជូនពរដល់លោកឧត្តមសេនីយ៍ត្រី សំ តុលា និងលោកស្រី បុត្រា បុត្រី បងប្អូន មិត្តរួមអាវុធទាំងអស់ ដែលបានចំណាយពេលដ៏មានតម្លៃ អញ្ជើញមកផ្ទាល់ដល់ផ្ទះ សូមជួបតែសេចក្តីសុខ សុភមង្គល និងពុទ្ធពរបួនប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។