ភ្នំពេញៈ នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សូរ សារិន ស្នងការរង ស្នងការដ្ឋានយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងសហការី តំណាង ឯកឧត្តម ឧត្តមសេនីយ៍ទោ សៀ សម្បត្តិ ស្នងការ ស្នងការដ្ឋានយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះសួរសុខទុក្ខ ក្រុមគ្រួសារអាវុធហត្ថជួបការលំបាក និងបាននាំយកអំណោយរបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ សៀ សម្បត្តិ និងសប្បុរសជន រួមមាន ថវិកាចំនួន ៣.៤០០.០០០រៀល (បីលានបួនសែនរៀលគត់ )ទៅជូនក្រុមគ្រួសារអាវុធហត្ថជួបការលំបាក ចំនួន០២គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានថវិកាចំនួន ១.៧០០.០០០រៀល (មួយលានប្រាំពីរសែនរៀលគត់) សំរាប់ទុកដោះស្រាយក្នុងពេលលំបាក។
ទាំងអស់នេះហើយ គឺសបញ្ជាក់អោយឃើញពីការយកចិត្តទុកដាក់ ថែទាំទៅលើមន្ត្រីដែលនៅក្រោមឱវាទ ដែលជាប្រសាសន៍ណែនាំ ដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលតែងតែដាស់តឿន ក្រើនរំលឹក ដល់ មន្ត្រីកងរាជអាវុធហត្ថដែលជាថ្នាក់លើ ត្រូវយកចិត្តទុកដាក់ ថែទាំនូវការរស់នៅ ទាំងជីវភាព និងសុខភាព របស់បងប្អូន កងរាជអាវុធហត្ថ ដែលនៅក្រោមឱវាទ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សូរ សារិន ក៏បានពាំនាំនូវការសួរសុខទុក្ខ និងការជូនពរ ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ព្រមទាំងមន្ត្រី ស្នងការយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទាំងអស់ សូមជូនពរ ក្រុមគ្រួសារអាវុធហត្ថជួបការលំបាក សូមអោយជួបប្រទះតែសេចក្តីសុខ និងពុទ្ធិពរ ទាំង៤ ប្រការ គឺ អាយុ វណ្ណះ សុខះ ពលះ កុំបីឃ្លៀងឃ្លាតឡើយ។
(អត្ថបទៈ ម៉ាន់ ដាវីត)