ភ្នំពេញៈ នៅវេលាម៉ោង០៩ និង០០នាទីព្រឹក ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧ នៅអគារសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំត្រួតពិនិត្យការងារ ជំនាញហិរញ្ញវត្ថុ ទូទាំងរាជធានី-ខេត្តប្រចាំខែមេសា និងទិសដៅបន្តប្រចាំខែឧសភា ឆ្នាំ២០១៧ ក្រោមអធិបតីភាព
ឯកឧត្តម ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ នាយរងសេនាធិការ និងជា នាយការិយាល័យ ហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការអញ្ជើញចូលរួមពីសំណាក់ នាយនាយរង ការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង តាមបណ្តារាជធានី-ខេត្ត និងនាយ នាយរង ពលអាវុធហត្ថ ដែលមានការពាក់ព័ន្ធជាច្រើនរូបផងដែរ។
ក្នុងកិច្ចប្រជុំនោះដែរ លោកវរសេនីយ៍ទោ អៀង សុខចេង នាយរងការិយាល័យ ហិរញ្ញវត្ថុ ជាអ្នកអានរបាយការណ៍។
ឯកឧត្តម ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ ក៏បានផ្សព្វផ្សាយ និងណែនាំ ដល់នាយការិយាល័យហិរញ្ញវត្ថុ ចំណុះបញ្ជការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទាំងអស់ នូវប្រសាសន៍មួយចំនួនរួមមានៈ
០១. ការកែប្រែ និងការដំឡើងប្រាក់ចំណាច់មុខងារ យោធិន នៃកងយោធពលខេមរភូមិន្ទ
០២. ការផ្តល់ប្រាក់ឧបត្ថម្ភ ក្នុងឱកាសពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរ
០៣. ផ្សព្វផ្សាយការបែងចែកតួនាទីភារកិច្ច ទាំង២៤ចំណុច របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
០៤. ផ្សព្វផ្សាយពីការដាក់ចេញកិច្ចការងារជាក់ស្តែងទាំង១២ចំណុច របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
០៥. ត្រូវមានភាពស្មោះត្រង់ដាច់ខាត ចំពោះមេបញ្ជាការ នាយ និងពលអាវុធហត្ថរបស់អង្គភាព
០៦. ហាមដាច់ខាតមិនអោយមានការកាត់ប្រាក់បៀវត្ស របស់នាយ និងពលអាវុធហត្ថរបស់អង្គភាព សូម្បី១០០រៀល
០៧. ត្រូវមានការចុះហត្ថលេខា លើតារាងបើកចែកប្រាក់បៀវត្តន៍ និងចំណាយផ្សេងៗ។
(អត្ដបទ ម៉ាន់ ដាវីត)