ភ្នំពេញៈ នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧ នៅបន្ទប់សាវនាការ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអនុញ្ញាតឲ្យលោកវរសេនីយ៍ឯក សារ៉ាយុទ្ធ ប៊ុនជឺ សេនានុពន្ធយោធា នៃព្រះរាជាណាចក្រថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងប្រតិភូប្រតិភូតំណាងកងទ័ពភូមិន្ទថៃ ចូលជួបសម្តែងការគួរសម និងជូនពរឆ្នាំថ្មី។
លោកវរសេនីយ៍ឯក សារ៉ាយុទ្ធ ប៊ុនជឺ បានមានប្រសាសន៍ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានផ្តល់ឱកាសអនុញ្ញាតឲ្យរូបលោក និងប្រតិភូ បានជូបសម្តែងគួរសម និងជូនពរឆ្នាំថ្មី ឆ្នាំរកា នឹងមកដល់នាពេលឆាប់ៗ ខាងមុខនេះ។
លោកវរសេនីយ៍ឯក បានបន្តថា ក្នុងរយៈពេលដែលលោកបំពេញបេសកកម្ម នៅប្រទេសកម្ពុជា កម្លាំងយោធពលខេមរភូមិន្ទកិច្ចសហប្រតិបត្តិការល្អមួយគ្នា ក៏ដូចជាមួយ កម្លាំងករាជអាវុធហត្ថផងដែរ។ លោកវរសេនីយ៍ឯកសារ៉ាយុទ្ធ ប៊ុនជឺ បានជូនពរឆ្នាំថ្មីដល់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងក្រុមគ្រួសារ ក៏ដូចជាមន្ត្រីកងរាជអាវុធហត្ថទាំងអស់ សូមគុណព្រះរតនត្រ័យ តាមជួយថែរក្សា និងមានកម្លាំងមាំមួន ព្រមទាំងសម្រេចភារកិច្ចបានជោគជ័យក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនសង្គមជាតិ។
ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានស្វាគមន៍និងសាទរ ចំពោះលោកវរសេនីយ៍ឯក សារ៉ាយុទ្ធ ប៊ុនជឺ និងប្រតិភូកងទ័ពភូមិន្ទថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជានិងប្រតិភូ ដែលបានមកជូនពរឆ្នាំថ្មី ដល់ឯកឧត្តម និងក្រុមគ្រួសារ ព្រមទាំងថ្នាក់ដឺកនាំកងរាជអាវុធលើផ្ទៃប្រទេស ក្នុងឱកាសឆ្នាំថ្មី ប្រពៃណីខ្មែរ។
ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មានប្រសាសន៍បន្ថែមថា លោកវរសេនីយ៍ឯកសារ៉ាយុទ្ធ ប៊ុនជឺ និងប្រតិភូតំណាងកងទ័ពភូមិន្ទថៃ ដែលជាស្ពានដ៏រឹងមាំនៃចំណងសាមគ្គីភាព មត្តិភាព កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កងទ័ពទាំងពីរ។ ចំពោះការរៀបចំបញ្ចប់ឆ្នាំចាស់ និងត្រៀមទទួលឆ្នាំថ្មី ដែលប្រទេសយើងទាំងពីរ ប្រជាជនយើងទាំងពីរ មានវប្បធម៌ប្រពៃណីប្រហាក់ប្រហែលគ្នា។
ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានថ្លែងអំណរគុណ និងជូនពរដល់លោកវរសេនីយ៍ឯកនិងប្រតិភូតំណាងកងទ័ពភូមិន្ទថៃ សូមឲ្យសម្រេចជោគជ័យក្នុងភារកិច្ច ដែលរាជរដ្ឋាភិបាល ប្រគល់ជូន ជួបប្រទះតែសុខភាពល្អ កម្លាំងមាំមួន មានសុភមង្គលគ្រប់ក្រុមគ្រួសារ ជួបប្រទៈតែពុទ្ធពរបួនប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ជាពិសេសមិត្តភាព សាមគ្គីភាព កម្ពុជា ថៃ ស្ថិតស្ថេរគង់វង្សតរៀងទៅ។