តាកែវៈ នៅវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ និងដោយមានការសម្របសម្រួល ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ ស្ថិតនៅចំណុចឃំុតាំងដូង ស្រុកបាទី ខេត្តតាកែវ មានជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន។
នេះបើតាមការឱ្យដឹងពី មន្ត្រីកងរាជអាវុធហត្ថខេត្តតាកែវ បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ជនសង្ស័យដែលត្រូវបាន កម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះមានឈ្មោះ លាង សុវណ្ណនីម ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅផ្ទះជួលលូ៥ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
មន្ត្រីដដែល បានបញ្ជាក់ឱ្យដឹងទៀតថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន១០កញ្ចប់ ដែលមានទម្ងន់ ៣.៨២ក្រាម
២.ទូរស័ព្ទដៃ ចំនួន០១គ្រឿង
៣.ម៉ូតូ ចំនួន០១គ្រឿង។
មន្ត្រីដដែល បានបញ្ជាក់បន្តឱ្យដឹងទៀតថា ជនសង្ស័យខាងលើនេះ គឺជាអ្នកចែកចាយគ្រឿងញៀនយ៉ាងសកម្ម នៅចំណុចកើតហេតុខាងលើ ហើយត្រូវបានឃាត់ខ្លួនស្របពេលដែលជនសង្ស័យខាងលើនេះ បំរុងរៀបនឹងធ្វើសកម្មភាពចែកចាយគ្រឿងញៀនបន្ត។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។
(អត្ថបទ ម៉ាន់ ដាវីត)