You are currently viewing នាយឧត្តមសេនីយ៍ សៅ សុខា ទទួលការជូនពរឆ្នាំថ្មី ពីអង្គទ័ពទី៤ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម

នាយឧត្តមសេនីយ៍ សៅ សុខា ទទួលការជូនពរឆ្នាំថ្មី ពីអង្គទ័ពទី៤ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម

ភ្នំពេញៈ នៅសាលសវនាការ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានទទួលជួបសំណេះសំណាល និងជូនពរឆ្នាំថ្មីប្រពៃណីខ្មែរពីប្រតិភូងអង្គទ័ពទី៤ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោកវរសេនីយ៍ឯក វូ ដែកឡុង ។

លោកវរសេនីយ៍ឯក វូ ដែកឡុង បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អនុញ្ញាតឲ្យប្រតិភូអង្គទ័ពទី៤ ចូលជួបសំណេះសំណាលនិងជូនពរឆ្នាំថ្មីប្រពៃណីខ្មែរ ដែលនឹងឈានចូលនៅប៉ុន្មានថ្ងៃខាងមុខនេះ ដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងប្រជាជនកម្ពុជាទាំងមូល។

លោកវរសេនីយ៍ឯក វូ ដែកឡុង បានបន្តថា ប្រទេសទាំងពីរ កម្ពុជា វៀតណាម មានព្រំដែនជាប់គ្នា មានប្រពៃណីសាមគ្គីភាព មិត្តភាពល្អជាមួយគ្នា យូរមកហើយ រហូតមកដល់បច្ចុប្បន្ន។

លោកវរសេនីយ៍ឯក វូ ដែកឡុង សង្ឃឹមថា ប្រពៃណីសាមគ្គីភាព មិត្តភាពរវាងប្រទេសទាំងពីរ ប្រជាជនទាំងពីរ កងទ័ពទាំងពីរ នៅតែរឹងមាំស្ថិតស្ថេរគង់វង្ស តរៀងទៅ។
លោកវរសេនីយ៍ឯក បានសង្កេតឃើញថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការអភិវឌ្ឍប្រទេសជាតិយ៉ាងឆាប់រហ័ស ប្រជាជនកម្ពុជាមានជីវភាពរស់សមរម្យ និងសេដ្ឋកិច្ចជាតិ មានភាពរីកចំរើនពីមួយថ្ងៃទៅមួយថ្ងៃ។

លោកវរសេនីយ៍ឯក វូ ដែកឡុង បានជូនពរឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា និងថ្នាក់ដឹកនាំកងរាជអាវុធហត្ថទាំងអស់ ឲ្យមានសុខភាពបរិបូរណ៍ មានសុភមង្គលគ្រប់ក្រុមគ្រួសារ និងសម្រេចភារកិច្ចបានជោគជ័យ ទទួលបានការគាំទ្រពីប្រជាជន មហាជន ពីរាជរដ្ឋាភិបាល។
ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានស្វាគមន៍ និងសាទរ ចំពោះគណៈអង្គទ័ពទី៤ទាំងអស់ ដឹកនាំដោយលោកវរសេនីយ៍ឯក វូ ដែកឡុង អញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដល់ថ្នាក់ដឹកនាំកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
ឯកឧត្តម នាយឧត្តមសេនីយ៍ បានរំលឹកថា ប្រជាជនយើងទាំងពីរ កងទ័ពយើងទាំងពីរ តែងតែជូនពរឆ្នាំថ្មីឲ្យគ្នាទៅវិញទៅមក កសាងបាននូវទំនាក់ទំនងល្អជាមួយគ្នាកាន់ជិតសិ្នត។

ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រតិភូអង្គទ័ពទី៤ ដែលបានមើលឃើញនូវភាពរីកចំរើនរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងពីភាពរីកចំរើនរបស់កងរាជអាវុធហត្ថ។
ឯកឧត្តម បានបន្តថា សមិទ្ធផល ក៏ដូចជាស្នាដៃ នៃភាពរីកចំរើនរបស់ប្រទេសជាតិ ទាំងវៀតណាម ទាំងកម្ពុជា ដោយសារតែប្រទេសយើងទាំងពីរ មានសន្តិភាព ទើបមានការអភិវឌ្ឍ។ ដើម្បីសន្តិភាពនេះ យើងធ្វើពលិកម្ម គ្រប់បែបយ៉ាង ដើម្បីប្រយុទ្ធប្រឆាំងនិងសត្រូវឈ្លានពាន ហើយនាំមកសន្តិភាពដូចសព្វថ្ងៃ។
ឯកឧត្តម នាយឧត្តមសេនីយ៍ បានឧទ្ទិសដល់យុទ្ធជន យុទ្ធនារី ដែលបានប្តូរជីវិត បង្ហូរឈាម ដើម្បីសន្តិភាព ដើម្បីមិត្តភាព និងការរស់នៅ មានការអភិវឌ្ឍដូចសព្វថ្ងៃនេះ សូមឲ្យដួងវិញ្ញាណទៅកាន់សុគតិភព និងឲ្យពរជ័យដល់យើងទាំងអស់គ្នាដែលរស់នៅ។

ក្នុងខណៈនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានសម្តែងនូវការអបអរសាទរ ចំពោះសមិទ្ធផល មានការអភិវឌ្ឍ គ្រប់វិស័យរបស់ប្រទេសវៀតណាម មានការរីកចំរើនយ៉ាងឆាប់រហ័ស ព្រមទាំងជូនពរដល់លោកវរសេនីយ៍ឯក វូ ដែកឡុង និងប្រតិភូ ឲ្យជួបប្រទះតែសេចក្តីសុខ សុខភាពល្អ មានសុភមង្គលគ្រប់ក្រុមគ្រួសារ និងពុទ្ធពរទាំងបួនប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។