You are currently viewing នាយឧត្តមសេនីយ៍ សៅ សុខា ទទួលការជូនពរឆ្នាំថ្មី ឆ្នាំរកា ពីលោកវរសេនីយ៍ឯក លី នីងយ៉ា អនុព័ន្ធយោធាចិន

នាយឧត្តមសេនីយ៍ សៅ សុខា ទទួលការជូនពរឆ្នាំថ្មី ឆ្នាំរកា ពីលោកវរសេនីយ៍ឯក លី នីងយ៉ា អនុព័ន្ធយោធាចិន

ភ្នំពេញៈ នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧ នៅសាលសាវនាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរ ភូមិន្ទ និងជាមេបញ្ជការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានទទួលជួបសំណេះសំណាល និងជូនពរឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំរកា ពីលោក​ វរសេនីយ៍ឯក លី​ នីងយ៉ា អនុព័ន្ធយោធានៃសាធារណៈរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។

លោកវរសេនីយ៍ឯក លី នីងយ៉ា អនុព័ន្ធយោធាចិន មានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អនុញ្ញាតឲ្យអនុព័ន្ធយោធា ចូលជួបសំណេះសំណាលនិងជូនពរឆ្នាំថ្មីប្រពៃណីខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ ដល់មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងថ្នាក់ដឹកនាំកងរាជអាវុធហត្ថទាំងមូល។ លោកវរសេនីយ៍ឯកលី នីងយ៉ា បានបន្តថា ប្រទេសទាំងពីរ កម្ពុជា ចិន មានចំណងសាមគ្គីភាព មិត្តភាពល្អជាមួយគ្នា កាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ។

លោកវរសេនីយ៍ឯក បានបន្តថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បានជំរុញអភិវឌ្ឍប្រទេសជាតិយ៉ាងឆាប់រហ័ស សេដ្ឋកិច្ចជាតិ មានរីកចំរើនលូតលាស់ពីមួយថ្ងៃទៅមួយថ្ងៃ។ ជាមួយនោះលោកវរសេនីយ៍ឯក ក៏បានកោតសរសើរដល់កម្លាំងកងរាជអាវុធហត្ថ ដែលបានសម្រេចភារកិច្ចដ៏ត្រចះត្រចង់ក្នុងការ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់បានល្អ និងក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះមហន្តរាយ ប្រជាពលរដ្ឋជួបការលំបាក ទទួលបានការគាំទ្រនិងជំនឿចិត្តពីរាជរដ្ឋាភិបាល និងប្រជាជន មហាជនជាតិ​ អន្តរជាតិ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានថ្លែងនូវការអរគុណ និងស្វាគមន៍ដោយរីករាយចំពោះលោកវរសេនីយ៍ឯក លី នីងយ៉ា ព្រមទាំងសហការី ដែលបានអញ្ជើញមកជូនពរឆ្នាំថ្មីដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងថ្នាក់ដឹកនាំកងរាជអាវុធហត្ថ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានឯកភាពចំពោះការវាយតម្លៃសភាពការណ៍នៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ ក៏ដូចជាតួនាទីរបស់កងរាជអាវុធហត្ថបានអនុវត្តកន្លងមក។

ក្នុងនេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានជូនពរដល់លោកវរសេនីយ៍ឯក និងសហការី ព្រមទាំងក្រុមគ្រួសារ ក្នុងឱកាសឆ្នាំថ្មី ប្រពៃណីរបស់ប្រជាជនខ្មែរ សូមឲ្យមានសុខភាពល្អ កម្លាំងមាំមួន មានសុខភមង្គល និងជោគជ័យ ក្នុងភារកិច្ចថ្មីៗ ដែលរដ្ឋាភិបាល ប្រគល់ជូន។ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ក៍លើកឡើងពីទំនាក់ទំនង ​និងកិច្ចសហប្រតិបត្តិការរវាងប្រទេស​ទាំងពីរ កងទ័ពទាំងពីរ ដែលបានអនុវត្តកន្លងមក មានភាពល្អប្រសើរ និងភាពជិតស្និត គឺដោយសារតែ លោកវរសេនីយ៍ឯក បានបង្កលក្ខណៈក្នុងការធ្វើជាស្ពានក្នុងការពង្រឹងទំនាក់ទំនងតភ្ជាប់ដ៏ល្អ នាំមកនូវមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាង កងទ័ពប្រជាជនចិន និងកងទ័ពកម្ពុជា ។

ឯកឧត្តម នាយឧត្តមសេនីយ៍ មេបញ្ជាការ បានបន្តថា ឆ្នាំចាស់ចំណងមតិ្តភាព សាមគ្គីភាព បានទទួលជោគជ័យ ហើយ សង្ឃឹមថា បទពិសោធន៍ឆ្នាំចាស់ និងជួយឲ្យឆ្នាំថ្មី កាន់តែបន្តជោគជ័យថែមទៀត។