You are currently viewing ឃាត់ខ្លួនបុរសម្នាក់​ពីបទ​លួច​រថយន្ត​ តាមបណ្តឹង​ម្ចាស់រថយន្ត​

ឃាត់ខ្លួនបុរសម្នាក់​ពីបទ​លួច​រថយន្ត​ តាមបណ្តឹង​ម្ចាស់រថយន្ត​

អហ.ក្រុងប៉ោយប៉ែត៖ យោងតាមពាក្យបណ្ដឹងចុះថ្ងៃទី១៤ ខែ តុលា ឆ្នាំ ២០១៥ របស់ ឈ្មោះ ពាង សុខេង ភេទ ប្រុស អាយុ ៥៨ឆ្នាំ រស់នៅភូមិ ស្វាយប៉ាក សង្កាត់​ ស្វាយប៉ាក រាជធានីភ្នំពេញ បានប្ដឹងចោទប្រកាន់ទៅលើឈ្មោះ ចៅ ភី ភេទ ប្រុស អាយុ ៥០ឆ្នាំ រស់នៅផ្ទះលេខ១E១ ផ្លូវប៉ាស្ទ័រ សង្កាត់បឹងកេងកង១ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ ពីបទលួចរថយន្ត ។
នៅថ្ងៃទី២ ខែ តុលា ឆ្នាំ ២០១៥ ឈ្មោះ ចៅ ភី បានទំនាក់ទំនងជាមួយឈ្មោះ ពាង សុខេង ជាម្ចាស់រថយន្ដ អោយទិញរថយន្ដម៉ាក លុចស៊ីស សេរី ២០១៤ ដើម្បីយកមកបង់រំលួសអោយខ្លួន ពេលឈ្មោះ ពាង សុខេង ​ក៍យល់ព្រមទិញរថយន្ត១គ្រឿងម៉ាក លុចស៊ីស សេរី ២០១៤ ពណ៍ទឹកមាស តាមការចង់បានរបស់ឈ្មោះ ចៅ ភី ។ រថយន្តនេះមានតំលៃ ៣៩៨០០$(បីម៉ឺនប្រាំបួនពាន់ប្រាំបីរយដុល្លាអាមេរិក)មករំលួសអោយឈ្មោះ ចៅ ភី ដោយយកប្រាក់កក់មុនចំនួន ៥០០០$ (ប្រាំពាន់ដុល្លា)ហើយសល់ប៉ុន្មានបង់រំលួសក្នុង១ខែ ៦០០$(ប្រាំមួយរយដុល្លា)ដោយគិតអត្រាការប្រាក់១,៨ ភាគរយ។
ការព្រមព្រៀងបង់រំលួសនេះមិនទាន់បានធ្វើផង ស្រាប់តែនៅថ្ងៃទី៦ ខែ​ តុលា ឆ្នាំ២០១៥ ឈ្មោះ ចៅ ភី បានទៅផ្ទះរបស់ ពាង សុខេង ដែលជាម្ចាស់រថយន្ត ហើយនិយាយថា គេសុំជួលរថយន្តនោះទៅដឹកភ្ញៀវរយ:ពេល២ថ្ងៃសិនដោយគេអោយតំលៃឈ្នួលក្នុង១ថ្ងៃ ២៥០$(ពីរយហាសិបដុល្លា)ហើយថាអោយម្ចាស់រថយន្តឈ្មោះ ពាង សុខេង ទៅជាមួយផងដើម្បីអោយមានការទុកចិត្ត ពេលនោះជនសង្ស័យឈ្មោះ ចៅ ភី យករថយន្តពីឈ្មោះ ពាង សុខេងបានហើយក៍ប្រើល្បិចកល ជិ:រថយន្តចាកចេញទៅតែម្នាក់ឯងដោយមិនយកម្ចាស់រថយន្តទៅជាមួយតាមការនិយាយគ្នានោះទេ។ចាប់ពីពេលនោះមកស្រាប់តែបាត់ឈ្មោះ ចៅ ភី​ រហូត ទាក់ទងទូរស័ព្ទក៍ពុំបាន។ ក្រោយមកនៅថ្ងៃទី១៣ ខែ តុលា​ ឆ្នាំ២០១៥​ ឈ្មោះ ពាង សុខេង ជាម្ចាស់រថយន្តបានស៊ើបដឹងថាឈ្មោះ ចៅ ភី សព្វថ្ងៃរស់នៅក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ ទើបគាត់បានធ្វើដំណើរមកកាន់ខេត្តបន្ទាយមានជ័យ ហើយដាក់ពាក្យបណ្ដឹងសុំអោយសមត្ថកិច្ចអាវុធហត្ថជួយស្រាវជ្រាវរកជននោះដើម្បីយកមកសាកសួរនិងចាត់ការតាមច្បាប់។
នៅថ្ងៃទី១៤ ខែ តុលា ឆ្នាំ២០១៥ កំលាំងអាវុធហត្ថក្រុងប៉ោយប៉ែតចំនួន៥នាក់ដឹកនាំដោយលោក វរ:សេនីយ៍ត្រី ជា ដា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានចុះស្រាវជ្រាវរកឃើញឈ្មោះ ចៅ ភី នៅចំណុចរង្វង់មូលស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយបានធ្វើការឃាត់ខ្លួនយកមកមូលដ្ឋាន អ ហ ក្រុងដើម្បីធ្វើការសាកសួរ​។
ជនសង្ស័យបានឆ្លើយសារភាពថារូបគេបានយករថយន្តពីឈ្មោះ ពាង សុខេង កាលថ្ងៃទី៦ ខែ តុលា ពិតប្រាកដមែន ប៉ុន្តែ យកមកជួលបន្តអោយទៅឈ្មោះ ជា សុភាព រស់នៅខេត្តកំពង់ធំយកទៅដឹកភ្ញៀវពីនៅព្រលានយន្តហោះពោធិចិនតុង។ ក្រោយពីឈ្មោះ ជា សុភាព យករថយន្តទៅក៍បាត់រហូតមក រូបគេក៍រកមិនឃើញដែរ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធី។ចំណែករថយន្តនិងជនសង្ស័យឈ្មោះ ជា សុភាព សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត៕
bddeb4fbf7b2937de3a2bec7de623c6a