ភ្នំពេញៈ នៅសាលសវនាការ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម ឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានទទួលជួបសំណេះសំណាល និងជូនពរឆ្នាំថ្មីប្រពៃណីខ្មែរពីប្រតិភូយោធាព្រំដែនខេត្តអាងយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោកវរសេនីយ៍ឯក ផាំ វាន ហ្វុង មេបញ្ជាការទទូលបន្ទុកកិច្ចនយោបាយ របស់យោធានព្រំដែន។
លោកវរសេនីយ៍ឯក ផាំ វាន ហ្វុង បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេសដែលបានចំណាយពេលវេលាដ៏មានតម្លៃ អនុញ្ញាតឲ្យប្រតិភូយោធាព្រំដែនខេត្តអាងយ៉ាង ចូលជួបសំណេះសំណាលនិងជូនពរឆ្នាំថ្មីប្រពៃណីខ្មែរ ដែលនឹងឈានចូលខាងមុខនេះ ដល់កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។
លោកវរសេនីយ៍ឯក ផាំ វាន ហ្វុង បានបន្តថា ប្រទេសទាំងពីរ កម្ពុជា វៀតណាម មានព្រំដែនជាប់គ្នា មានប្រពៃណីសាមគ្គីភាព មិត្តភាពល្អជាមួយគ្នា យូរមកហើយ រហូតមកដល់បច្ចុប្បន្ន។ លោកវរសេនីយ៍ឯក ផាំ វាន ហ្វុង សង្ឃឹមថា ប្រពៃណីសាមគ្គីភាព មិត្តភាពរវាងប្រទេសទាំងពីរ ប្រជាជនទាំងពីរ កងទ័ពទាំងពីរ នៅតែរឹងមាំស្ថិតស្ថេរគង់វង្ស។
លោកវរសេនីយ៍ឯក បានសង្កេតឃើញថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការអភិវឌ្ឍរីកចំរើនយ៉ាងឆាប់រហ័ស ពីមួយថ្ងៃទៅមួយថ្ងៃគួរឲ្យកត់សំគាល់។
លោកវរសេនីយ៍ឯក ផាំ វាន ហ្វុង ក៏បានជូនពរដល់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ព្រមទាំងឯកឧត្តម ឧត្តមសេនីយ៍ឯក វង្ស ពិសេន និងថ្នាក់ដឹកនាំកងរាជអាវុធហត្ថទាំងអស់ ឲ្យមានសុខភាពបរិបូរណ៍ មានសុភមង្គលគ្រប់ក្រុមគ្រួសារ និងសម្រេចភារកិច្ចបានជោគជ័យ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក វង្ស ពិសេន បានស្វាគមន៍និងអបអរសាទរ ចំពោះប្រតិភូយោធាព្រំដែនខេត្តអាងយ៉ាងទាំងអស់ ដែលដឹកនាំដោយលោកវរសេនីយ៍ឯក ផាំ វាន ហ្វុង អញ្ជើញមកជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដល់ថ្នាក់ដឹកនាំកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
ឯកឧត្តម ឧត្តមសេនីយ៍ឯក បានរំលឹកថា ជារៀងរាល់ឆ្នាំ ប្រជាជនយើងទាំងពីរ កងទ័ពយើងទាំងពីរ តែងតែជូនពរឆ្នាំថ្មីឲ្យគ្នាទៅវិញទៅមក កសាងបាននូវទំនាក់ទំនងល្អជាមួយគ្នាកាន់ជិតសិ្នត។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រតិភូយោធាព្រំដែន ដែលបានមើលឃើញនូវភាពរីកចំរើនរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងពីភាពរីកចំរើនរបស់កងរាជអាវុធហត្ថ។
ឯកឧត្តម បានបន្តថា សមិទ្ធផល ក៏ដូចជាស្នាដៃ នៃភាពរីកចំរើនរបស់ប្រទេសជាតិ ទាំងវៀតណាម ទាំងកម្ពុជា ដោយសារតែប្រទេសយើងទាំងពីរ មានសុខសន្តិភាព សុខសន្តិភាពនេះហើយ ទើបមានការអភិវឌ្ឍ។
ក្នុងខណៈនេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក វង្ស ពិសេន ក៏បាន ជូនពរដល់លោកវរសេនីយ៍ឯក ផាំ វាន ហ្វុង និងប្រតិភូទាំងអស់ ឲ្យជួបប្រទះតែសេចក្តីសុខ មានសុខភាពល្អ មានសុភមង្គលគ្រប់ក្រុមគ្រួសារ និងពុទ្ធពរទាំងបួនប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។