កំពង់ស្ពឺ: នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងែទី១០ ខែមេសា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានរៀបចំពិធីប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំត្រីមាសទី១ លើកទិសដៅការងារត្រីមាសទី២ ឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង ស្រុក ស្នាក់ការ មេបញ្ជាការរង កងអនុសេនាធំចល័ត និងនាយ នាយរងកងរាជអាវុធហត្ថខេត្ត ជាច្រើនរូបផងដែរ។
លោកឧត្តមសេនីយ៍ត្រី ជូ សារុន បានលើកឡើងថា កម្លាំងនៃអាវុធហត្ថទាំងអស់ ត្រូវនាំគ្នាគោរពឲ្យបាននូវអនុសាសន៍ ៩ចំណុច របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលតែងបានដាស់តឿនគ្រប់ជំហាន ឲ្យកម្លាំងកងរាជអាវុធហត្ថ ត្រូវគេចឲ្យឆ្ងាយពីបទល្មើស ខុសច្បាប់ផ្សេងៗ ដែលបង្កអោយប៉ះពាល់ដល់កិត្តិយសកងរាជអាវុធហត្ថ និងបុគ្គល។
លោកឧត្តមសេនីយ៍ត្រី បានបន្តទៀតថា កម្លាំងកងរាជអាវុធហត្ថ ត្រូវចូលរួមឲ្យសកម្មរាល់ការងារមនុស្សធម៌ក្នុងមូលដ្ឋាន របស់ខ្លួន និងត្រូវបង្កើនការអប់រំបងប្អូនប្រជាពលរដ្ឋឲ្យលោកបានជ្រួតជ្រាបអំពីបញ្ហាគ្រឿងញៀន ដើម្បីឲ្យពួកគាត់យល់ដឹងបន្តអប់រំកូនចៅរបស់ខ្លួនឲ្យគេចឆ្ងាយពីបញ្ហានេះ និងត្រូវពង្រឹងជំនឿចិត្ត កសាងទំនុកចិត្តចំពោះប្រជាពលរដ្ឋក្នុងមូលដ្ឋានដើម្បីភាពរឹងមាំក្នុងកិច្ចការងារ បង្ការ បង្ក្រាប សង្គ្រោះ ឲ្យមានប្រសិទ្ធិភាពរក្សាបានសុខសន្តិភាព សុវត្តិភាពឲ្យបានល្អ ។
ជាចុងក្រោយលោកឧត្តមសេនីយ៍ត្រី បានផ្តាំផ្ញើដល់បណ្តាអង្គភាពមូលដ្ឋានក្រុង ស្រុក ស្នាក់ការសន្តិសុខត្រូវពង្រឹងការងាររៀនសូត្រ ការងាររស់នៅឲ្យបានប្រសើរ ត្រូវគោរពវិន័យកងទ័ព ចូលរួមរៀនសូត្ររាល់វគ្គហ្វឹកហ្វឺនឲ្យបានទៀងទាត់ដើម្បីបានក្លាយខ្លួនជាទាហាន ច្បាប់ ជាអ្នកអនុវត្តច្បាប់ និងជាគំរូល្អដឹកនាំប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕
(អត្ថបទ ម៉ាន់ ដាវីត)