ភ្នំពេញៈ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ នៅសាលប្រជុំអគារសេនាធិការដ្ឋាន បញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម ឧត្តមសេនីយ៍ឯក សិុន សូផាន្នី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលបន្ទុការងារ កសាងកម្លាំង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបំពាក់ប្រកាសតែងតាំងផ្លាស់ប្តូរមុខងារ និងបំពាក់ឋានន្តរសក្តិ ដល់នាយទាហានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
ឯកឧត្តម ឧត្តមសេនីយ៍ឯក សិុន សូផាន្នី មានប្រសាសន៍ថា ពិធីប្រកាសមុខងារ និងបំពាក់ឋានន្តរសក្តិ ដល់នាយទាហាននៃកងរាជអាវុធហត្ថ៣១រូប ចំណុះបញ្ជាការដ្ឋនកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានទទួលការប្រកាសតែងតាំងផ្លាស់ប្តូរមុខងារ និងតម្លើងឋានន្តរសក្តិ តាមសំណើររបស់ឯកឧត្តម នាយឧត្តមសេនីយ៍មេបញ្ជាការ នាពេលនេះ។
នេះបានបង្ហាញពីការយកចិត្តទុកដាក់និងមានទំនុបចិត្ត ពីរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដល់នាយទាហាន កងរាជអាវុធហត្ថដែលបានខិតខំបំពេញភារកិច្ចមិនខ្លាចនឿយហត់ ហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាង ចូលរួមចំណែកក្នុងការពារសន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណះ ដើម្បីបំរើសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋនិងសង្គមជាតិទាំងមូល និងស្របតាមកំណែទម្រង់របស់កងយោធពលខេមរភូមិន្ទ ពិសេសកំណែទម្រង់របស់កងរាជអាវុធហត្ថតាមរចនាសម្ព័ន្ធចាត់តាំងថ្មីផងដែរ។
ក្នុងនាមឯកឧត្តម នាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងក្នុងនាមឯកឧត្តមផ្ទាល់ សូមសម្តែងនូវការកោតសរសើរ និង វាយតម្លែខ្ពស់ ចំពោះសា្នដៃ ដែលនាយទាហាននៃកងរាជអាវុធហត្ថទាំង៣១រូប និងកងរាជអាវុធហត្ថ គ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការបំពេញតួនាទី ភារកិច្ច និងបេសកកម្មរបស់ខ្លួនប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបានសមិទ្ធផលជាផ្លែផ្កាគួរជាទីមោទនះ ជូនជាតិមាតុភូមិ។
រយៈពេលកន្លងមក កម្លាំងកងរាជអាវុធហត្ថនៅទូទាំងប្រទេស បានខិតខំបំពេញតួនាទី ភារកិច្ចរបស់ខ្លួន ជានគរបាលរដ្ឋបាល ជានគរបាលយុត្តិធម៌ តម្រួតយោធា ផ្តល់កម្លាំងទៅអន្តរក្រសួងតាមការស្នើសុំ ព្រមទាំងយកចិត្តទុកដាក់ក្នុងការបំពេញបេសកកម្ម បង្ការ បង្រ្កាប និងសង្គ្រោះប្រកបដោយប្រសិទ្ធិភាព ដែលគ្រប់ប្រតិបត្តិការ របស់កងរាជអាវុធហត្ថតែងតែ គោរពតាមច្បាប់ បទបញ្ជា ក្រមសីលធម៌វិជ្ជាជីវះ និងគោរពសិទ្ធិមនុស្ស ធ្វើឲ្យមានការគាំទ្រពីគ្រប់មជ្ឈដ្ឋាន។ឯកឧត្តម ឧត្តមសេនីយ៍ឯក សិុន សូផាន្នី ក៏បានជម្រាបជូនអង្គពិធីផងដែរ ពីទស្សនវិស័យក្នុងការដឹកនាំ នាពេលបច្ចុប្បន្ន និងទៅអនាគត របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ធ្វើយ៉ាងណាឲ្យកម្លាំងអាវុធហត្ថមានភាពរឹងមាំទាំងបរិមាណ និងគុណភាព ដើម្បីរ៉ាប់រងភារកិច្ចដែលរដ្ឋាភិបាលប្រគល់ជូន។ ហេតុនេះ ទាមទារឲ្យកម្លាំងកងរាជអាវុធហត្ថ ត្រូវលើកកំពស់សមត្ថភាពបុគ្គលិក គ្រប់ជំនាញ គ្រប់ផ្នែកទាំងអស់ និងសីលទាំង៥ រូមមាន ស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ មានភាពស្អាតស្អំ អត្តចរិកស្លូតបូត សុភាពរាបសារ តែម៉ឹងម៉ាត់ក្នុងតួនាទីភារកិច្ច ដោយប្រកាន់ភា្ជប់នូវការគោរពច្បាប់និងក្រមសីលធម៌វិជ្ជាជីវៈ មានសមត្ថភាពនិងឆ្លាតវៃគ្រប់កាលៈទេសៈ ឧស្សាហ៍ព្យាយាមគ្រប់ការងារ និងមានសេចក្តីក្លាហានចំពោះតួនាទីភារកិច្ច ដោយមានការទទួលខុសត្រូវ។