អហ.កណ្តាល៖ នៅវេលាម៉ោង១៥និង២០នាទី ដល់ម៉ោង២០និង៤៥នាទី ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៥ កម្លាំងកងរាជអាវុធហត្ថស្រុកខ្សាច់កណ្តាល បានសហការជាមួយនឹងកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យបានម្នាក់ពីបទរក្សា ប្រើប្រាស់ និងជួញដូរគ្រឿងញៀន ។
កម្លាំងកងរាជអាវុធហត្ថស្រុកខ្សាច់កណ្តាល បានធ្វើការឃ្លាំមើលមុខសញ្ញាជនសង្ស័យ ឈ្មោះ សួន សុខុន ភេទ ប្រុស អាយុ35ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិឃុំអរិយ្យក្សត្រ ស្រុកល្វាឯម ដែលតែងតែធ្វើសកម្មភាពចែកចាយគ្រឿងញៀននៅចំណុចឃាត់ខ្លួនខាងលើ ។ ដោយមានការសង្ស័យក៏ឃាត់ខ្លួនជនរូបនេះ សួរនាំ និងឆែឆេរ ឃើញមានគ្រឿងញៀននៅជាប់នឹងខ្លួន02កញ្ចប់ ។ ពេលសាកសួរ ឈ្មោះនេះឆ្លើយថាខ្លួនទិញពីអ្នកយាមម៉ូតូនៅឌ្រីឡេន មុខNAGA ទើបមន្ទីរយុត្តិធម៌រាយការណ៏សុំការពន្លាតដែនដីសមត្ថកិច្ចពីលោកព្រះរាជអាជ្ញា បានចាត់អោយលោកព្រះរាជអាជ្ញារង(ឯក ស៊ុនរស្មី ធ្វើការដឹកនាំកម្លាំងខេត្តកណ្តាល សហការជាមួយកងរាជអាវុធហត្ថ រាជធានីភ្នំពេញ បន្តបង្ក្រាបមុខសញ្ញាជួញដូរ និងមុខសញ្ញាមកទិញយកទៅប្រើប្រាស់ជាបន្តបន្ទាប់ រហូតដល់ឃាត់ខ្លួនបានចំនួន08នាក់និង ចាប់យកវត្ថុតាងមួយចំនួនបន្ថែមទៀត ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងចាត់ការបន្តទៅតាមផ្លូវច្បាប់៕