ស្វាយរៀងៈ ជនសង្ស័យចំនួន០២នាក់ ត្រូវបាន កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកស្វាយជ្រុំ បានធ្វើការឃាត់ខ្លួន មានជាប់ពាក់ព័ន្ធជាមួយករណីហិង្សាដោយចេតនា ។
នេះបើតាមការឱ្យដឹងពី មន្ត្រីកងរាជអាវុធហត្ថស្រុកស្វាយជ្រុំ បានឱ្យដឹងថា ក្នុងការឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ខាងលើនេះ គឺធ្វើឡើងនៅវេលាម៉ោង២៣ និង៣០នាទី ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិត្រោក ឃុំតាសួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។
មន្ត្រីដដែល បានបន្តឱ្យដឹងទៀតថា ជនសង្ស័យដែលត្រូវបានកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះៈ
១. សង បូរី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិត្រោក ឃុំតាសួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង
២. សំ សង្ហា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរសិស្ស រស់នៅភូមិត្រោក ឃុំតាសួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។
មន្ត្រីដដែល បានបញ្ជាក់ឱ្យដឹងទៀតថា នៅមុនពេលកើតហេតុថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៧ នៅវេលាម៉ោង២២ និង០០នាទីយប់ នៅចំណុចកើតហេតុខាងលើ មានពិធីឡើងគេហដ្ឋានថ្មី និងកម្មវិធីរាំធុងបាស ហើយជនសង្ស័យទាំង០២នាក់នេះ ក៏បានមានទំនាស់ដោយសារមើលមុខគ្នាពេលរាំធុងបាស ជាមួយជនរងគ្រោះឈ្មោះ រាជ សុីណេ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាងឈើ រស់នៅភូមឃុំកើតហេតុ ហើយបានយកកាំបិត កាប់ទៅលើជនរងគ្រោះ ចំនួន០៣កាំបិត បណ្តាលអោយរបួសជាទម្ងន់។
ជនសង្ស័យ ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។
(អត្ថបទៈ ម៉ាន់ ដាវីត)