ភ្នំពេញៈ ឯកឧត្តម នាយឧត្តមសេនីយ៍ ផ្កាយមាស ៤ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រមុខសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញពីមហិច្ឆតា ក្នុងការកសាងទីលានបាល់ទាត់ឲ្យបានគ្រប់ ២៥រាជធានី-ខេត្តទូទាំងប្រទេស។
ក្នុងនាមជាមេទ័ពម្នាក់ដែលបានធ្វើឲ្យវិស័យបាល់ទាត់កម្ពុជាក្រឡាប់ចាក់ពី គ្មានមនុស្សមើលទៅជាមានអ្នកគាំទ្ររាប់ម៉ឺននាក់នោះ នាយឧត្តមសេនីយ៍ សៅ សុខា បានទទួលស្គាល់ថា កីឡាបាល់ទាត់ពិតជាលំបាកណាស់ ព្រោះជាប្រភេទកីឡាលេងជាក្រុម ម្ល៉ោះហើយក្នុងចំណោមអ្នកលេងចំនួន ១១នាក់បើមានតែ ២នាក់ធ្វើអ្វីដែលមិនគាប់បីនោះ គឺក្រុមទាំងមូលច្បាស់ជាបរាជ័យហើយ។
នាយឧត្តមសេនីយ៍ សៅ សុខា បានបន្ថែមថា សព្វថ្ងៃនេះកីឡាបាល់ទាត់កម្ពុជា សុទ្ធតែមិនបានឆ្លងសាលាបាល់ទាត់នោះទេ ពោលគឺពួកគេចេះលេងបាល់ហើយ ត្រូវបានក្លឹបនានាជ្រើសរើសយកមកលេងហើយអ្នកដែលល្អនឹងក្លាយជាកីឡាករជម្រើសជាតិតែម្តង។
នាពេលកន្លងមក នាយឧត្តមសេនីយ៍ សៅ សុខា បានទៅទស្សនកិច្ចសាលាបាល់ទាត់នៅតាម បណ្ដាប្រទេសនានាមួយចំនួន ហើយធ្វើឲ្យនាយឧត្តមសេនីយ៍ សៅ សុខា ត្រូវតែបង្ខំចិត្តបង្កើតសាលាបាល់ទាត់ដ៏ធំដំបូងគេនៅកម្ពុជា នៅស្រុកបាទី ខេត្តតាកែវ ។
សាលាបាល់ទាត់នេះសព្វថ្ងៃកំពុងតែបណ្ដុះបណ្ដាលកុមារគ្រប់វ័យ ។
ការបង្រៀនគេឲ្យចេះលេងបាល់ទាត់វាជារឿងមួយហើយ តែរឿងមួយទៀតយើងត្រូវផ្ដល់ការសិក្សាឲ្យគេ និងទទួលខុសត្រូវលើសុខភាពរបស់ពួកគេ ។
នាយឧត្តមសេនីយ៍ សៅ សុខា បានបន្តថា ពេលនេះផ្លែផ្កាកំពុងតែលេចចេញមកហើយគឺនៅក្នុងស្រុកខ្មែក្រុមយុវជនបាទីស្ទើរតែគ្មានដៃគូសម្រាប់ប្រកួតឡើយ ។
សម្រាប់កីឡាបើហាត់ហើយគ្មានការប្រកួតទេនោះគឺមិនរីកចម្រើនឡើយដូច្នេះលោកត្រូវតែបញ្ជូនពួកគេឲ្យទៅប្រកួតនៅក្រៅប្រទេស បើទោះបីជាមួយលើកៗត្រូវចាយលុយច្រើនក៏ដោយ ។
នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានបង្ហាញពីមហិច្ឆតាកសាងទីលានបាល់ទាត់ដែលមានខ្នាតត្រឹមត្រូវឲ្យបានទាំង ២៥រាជធានី-ខេត្ត ជាមួយនឹងការស្ថាបនាទីលាននេះលោកនឹងបញ្ជូនគ្រូឲ្យទៅបណ្ដុះបណ្ដាលពួកគេដោយសហព័ន្ធជាអ្នករ៉ាប់រងទៅលើការចំណាយ ។
ការធ្វើបែបនេះសហព័ន្ធនឹងអាចរកឃើញអ្នកមានសមត្ថភាពលេងបាល់ទាត់កាន់តែច្រើនឡើងៗព្រោះអ្នកមានទេពកោសល្យមិនមែនមានតែនៅភ្នំពេញនោះទេ នៅជនបទក៏មានអ្នកពូកែដែរគ្រានតែយើងមិនបានទៅរកពួកគេ ។
ជាមួយនឹងការបញ្ជូនគ្រូទៅបង្ហាត់ពួកគេហើយនោះ សហព័ន្ធនឹងរៀបចំឲ្យមានការប្រកួតជាលក្ខណៈភូមិភាគហើយជើងខ្លាំងតាមភូមិភាគនីមួយៗ នឹងត្រូវជួបប្រកួតគ្នាបន្តទៀតដែលតាមរយៈការប្រកួតនេះហើយសហព័ន្ធនឹងរកបានកីឡាករថ្នាលល្អៗដែលមានសមត្ថភាពពិតប្រាកដនោះ។
(អត្ថបទៈCam Spot)