កំពង់ធំៈ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានដឹកនាំក្រុមការងារចូលរួមធ្វើកិច្ចការងារសង្គម និងសកម្មភាពមនុស្សធម៌ ដោយបានចុះជួយសាងសង់ផ្ទះចំនួន០១ខ្នងដែលមានទំហំ ៥m x ៧m ជូនប្រជាពលរដ្ឋក្រីក្រចំនួន០១គ្រួសារមានឈ្មោះ ជា សាម៉េត អាយុ ៥៧ឆ្នាំ នៅភូមិ ម្សាក្រងជេីង ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ និងបានឧបត្ថម្ភថវិកា ចំនួន២០មុឺនរៀល។
ក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ មេបញ្ជាការ ក៏បានគូសបញ្ជាក់ថា ដោយអនុវត្តតាមអនុសាសន៍ណែនាំ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលតែងតែ ដាស់តឿន ដល់អង្គភាពកងរាជអាវុធហត្ថខេត្ត ត្រូវយកចិត្តទុកដាក់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលជួបប្រទះការលំបាក គ្រប់កាលៈទេសៈ ដោយមិនមានប្រកាន់ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ៕
(អត្ថបទៈ ម៉ាន់ ដាវីត)