រតនគិរីៈ ឈើប្រណិតជាច្រើនដុំ ដែលឈ្មួញខិលខូចបានយកមកលាក់ទុក ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តរតនគិរី និងកម្លាំងចម្រុះ បានរកឃើញ នៅវេលាម៉ោង០៨ និង១៥នាទីព្រឹក ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិតាកុងភ្នង ឃុំបរខាំ ស្រុកអូយ៉ាដាវ និងចំណុចភូមិសមុទ្រលើ ឃុំសេដា ស្រុកលំផាត់ ដែកដឹកនាំដោយ លោក ឧត្តមសេនីយ៍ត្រីី គឹម រស្មី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី។
បើតាមប្រភពពត៌មានពី លោកឧត្តមសេនីយ៍ត្រី គឹម រស្មី បានឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានរកឃើញនូវវត្ថុតាងមួយចំនួនរួមមាន ឈើប្រណិតចម្រុះ ចំនួន៣៤០ដុំ។
វត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ កំពុងកសាងសំណុំរឿង ដើម្បីប្រគល់ជូនមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ចាត់ការបន្តតាមនិតិវិធី។ ចំណែកជនសង្ស័យជាម្ចាស់ឈើ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ កំពុងស្រាវជ្រាវ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។
(អត្ថបទៈ ម៉ាន់ ដាវីត)