ព្រះសីហនុៈ បុរសជាកូនថៅកែ ខារ៉ាអូខេម្នាក់ ត្រូវបាន កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងព្រះសីហនុ បានធ្វើការឃាត់ខ្លួន មានជាប់ពាក់ព័ន្ធជាមួយករណីហិង្សាដោយចេតនា ។
នេះបើតាមការឱ្យដឹងពី មន្ត្រីកងរាជអាវុធហត្ថក្រុងព្រះសីហនុ បានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យ ខាងលើនេះ គឺធ្វើឡើងនៅវេលាម៉ោង១៤ និង៣៥នាទីរសៀល ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ហាងខារ៉ាអូខេ ឈ្មោះ រាត្រីសំនៀង ស្ថិតក្នុងក្រុម៤ ភូមិ៤ សង្កាត់៤ ក្រុងខេត្តព្រះសីហនុ។
មន្ត្រីដដែល បានបន្តឱ្យដឹងទៀតថា ជនសង្ស័យដែលត្រូវបានកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះមានឈ្មោះ សាន់សាឌី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរអាជីវករ រស់នៅចំណុចកើតហេតុខាងលើ។
មន្ត្រីដដែល បានបញ្ជាក់ឱ្យដឹងទៀតថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺធ្វើឡើងទៅតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ខៀវ សារឿន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបររត់ម៉ូតូកង់បី មានទីលំនៅក្រុម៥ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលបានចោទប្រកាន់ទៅលើជនសង្ស័យ ថាបានយកដំបងវាយខ្លួន បណ្តាលអោយរងរបួសយ៉ាងធ្ងន់ធ្ងរ ដេរអស់ចំនួន១៥ថ្នេរ។
ជនសង្ស័យ ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។
(អត្ថបទៈ ម៉ាន់ ដាវីត)