កំពង់ស្ពឺៈ ជនសង្ស័យម្នាក់ ត្រូវបាន កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការឃាត់ខ្លួន មានជាប់ពាក់ព័ន្ធជាមួយករណី ដឹកជញ្ជូន និងប្រមូល ផលអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត។
នេះបើតាមការឱ្យដឹងពី មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យ ខាងលើនេះ គឺធ្វើឡើងនៅវេលាម៉ោង១៦ និង២២នាទីល្ងាច ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិផ្សារកន្ទួត ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
មន្ត្រីដដែល បានបន្តឱ្យដឹងទៀតថា ជនសង្ស័យដែលត្រូវបានកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះមានឈ្មោះ សាន់សាឌី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរអាជីវករ រស់នៅចំណុចកើតហេតុខាងលើ។
មន្ត្រីដដែល បានបញ្ជាក់ឱ្យដឹងទៀតថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺធ្វើឡើងទៅតាមដីការបង្គាប់អោយចាប់ខ្លួនលេខ១០៣/២០១៧ របស់ លោក ស៊ឹង វុទ្ធី ចៅក្រម សាលាដំបូងខេត្តកំពង់ស្ពឺ ពីបទដឹកជញ្ជូនផលអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត និងប្រមូលផលអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត។
ជនសង្ស័យ ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។
(អត្ថបទៈ ម៉ាន់ ដាវីត)