កណ្តាលៈ នៅវេលាម៉ោង១៥ និង៣០នាទីរសៀល ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល សហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកស្អាង ដែលដឹកនាំដោយលោកវរសេនីយ៍ទោ ពក សាង និងដោយមានការសម្របសម្រួលនីតិវិធី ពីលោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល បានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០៣នាក់ ស្ថិតនៅចំណុចភូមិលេខ១ក ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល មានជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន។
នេះបើតាមការឱ្យដឹងពី លោកវរសេនីយ៍ទោ ពក សាង នាយរងសេនាធិការ កងរាជអាវុធហត្ថខេត្តកណ្តាល បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ជនសង្ស័យដែលត្រូវបាន កម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះ ៈ
១. សុខ គ្រឿន ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល
២. ណែម សីុថាវ ហៅម៉ាប់ ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល
៣. រីុ រាជ្យ ហៅពីង ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិលេខ២ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល។
មន្ត្រីដដែល បានបញ្ជាក់ឱ្យដឹងទៀតថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន២៨កញ្ចប់
២. ម៉ូតូ ចំនួន០២គ្រឿង និងសម្ភារៈសម្រាប់ប្រើប្រាស់ វេចខ្ចប់គ្រឿងញៀន មួយចំនួន។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។
(អត្ថបទ ម៉ាន់ ដាវីត)