បាត់ដំបងៈ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកបាណន់ បានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០៣នាក់ មានជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន។
នេះបើតាមការឱ្យដឹងពី មន្ត្រីកងរាជអាវុធហត្ថស្រុកបាណន់ បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ក្នុងការឃាត់ខ្លួនជនសង្ស័យទាំង០៣នាក់នេះ គឺធ្វើឡើងជា០២លើក ដោយប្រតិបត្តិការលើកទី០១ គឺធ្វើឡើងនៅវេលាម៉ោង១៦ និង៣០នាទីល្ងាច ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ស្ថិតនៅចំណុចភូមិតាអូរតាញា ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង រួមមានឈ្មោះ ៈ
១. រិន ញ្ញា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង
២. ទីវ សំណំ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង
និងដោយបានធ្វើការចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០១កញ្ចប់
២. ទូរស័ព្ទដៃ ចំនួន០១គ្រឿង។
បន្ទាប់ពីបានធ្វើការឃាត់ខ្លួនរួចមក ជនសង្ស័យទាំង០២នាក់ ត្រូវបានបញ្ជូនទៅមូលដ្ឋានស្រុកបាណន់ ដើម្បីបន្តធ្វើការសាកសួរ។
បន្ទាប់ពីសាកសួរចម្លើយរួចមក ជនសង្ស័យទាំង០២នាក់ បានឆ្លើយសារភាពថា រូបគេបានទិញថ្នាំញៀនទាំងនោះយកចែកចាយបន្ត ពីបក្ខពួកម្នាក់ទៀតមានឈ្មោះ ឆង ស្រស់ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិអូរតាញា ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។
បន្ទាប់ពីទទួលបានចម្លើយសារភាពរួចមក នៅវេលាម៉ោង ២០ និង០០នាទីយប់ ថ្ងៃខែឆ្នាំដដែល កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកបាណន់ បានបន្តធ្វើការស្រាវជ្រាវ រហូតអាចឈានទៅដល់ការឃាត់ខ្លួនបានជនសង្ស័យខាងលើ និងបានធ្វើការចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០៧កញ្ចប់
២. ទូរស័ព្ទដៃ ចំនួន០១គ្រឿង
៣. ម៉ូតូ ចំនួន០១គ្រឿង។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។
(អត្ថបទ ម៉ាន់ ដាវីត)