បន្ទាយមានជ័យៈ យោងទៅតាមពាក្យបណ្ដឹងចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ របស់ជនរងគ្រោះឈ្មោះ ណ ស ទ ភេទស្រី អាយុ២៣ឆ្នាំ រស់នៅបន្ទប់ជួល ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានប្ដឹង ទៅលើឈ្មោះ ខុន ផាណែត ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ពីបទរំលោភសេពសន្ថវ:លើរូបនាងបានសម្រេចចំនួន០១លើក ដែលប្រព្រឹត្តកាលពីវេលាម៉ោង០០ និង៣០នាទីអធ្រាត ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ ក្នុងពេលមកលេងនៅក្នុងបន្ទប់របស់នាង។
ក្រោយពីទទួលបានពាក្យបណ្ដឹងហើយនោះ លោវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌ បានដឹកនាំកម្លាំង ចុះទៅឃាត់ខ្លួនជនសង្ស័យបាននៅវេលាម៉ោង១៥ និង៥០នាទី ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ នៅចំណុចលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិព្រែកល្ពៅ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ក្រោយពីឃាត់ខ្លួនបានហើយនោះ ជនសង្ស័យត្រូវបាន បញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីធ្វើការសាកសួរ។
លោកវរសេនីយ៍ឯក បោន ប៊ិន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារបទល្មើសជួញដូរមនុស្សបានឲ្យដឹងថា បើតាមការសួរចម្លើយរួចមក ជនសង្ស័យ ឈ្មោះ ខុន ផាណែត បានឆ្លើយសារភាពថា រូបគេពិតជាបានចាប់បង្ខំ ឈ្មោះ ណ.ស.ទ រួមភេទ រហូតបានសម្រេចចំនួន០១ដង ពិតប្រាកដមែន ដោយខ្លួនជាសង្សា នឹងគ្នាយូរមកហើយ ហើយពេលដែលខ្លួនប្រព្រឹត្តនោះ ក្នុងពេលស្រវឹងស្រាផងដែ។
លោកវរសេនីយ៍ឯក បោន ប៊ិន បានឲ្យដឹងបន្ថែមទៀតថា ក្រោយពីបញ្ចប់ការស៊ើបអង្កេតឃើញថា ចម្លើយសារភាពរបស់ជនសង្ស័យ និងផ្អែកលើពាក្យបណ្ដឹងរបស់ជនរងគ្រោះ គឺបង្ហាញពីតម្រុយនៃបទល្មើសជាក់លាក់ បច្ចុប្បន្នកម្លាំងអាវុធហត្ថជំនាញបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។
(អត្ថបទៈ ឡាក់ ភី)