ពោធិ៍សាត់ៈ នៅវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ មានស្ត្រីម្នាក់បានសម្រាលកូនតាមដងផ្លូវ ខណៈពេលត្រឡប់មកពីចំការជាមួយប្ដី និងប្អូន នៅលើផ្លូវជាតិលេខ៥៥ ស្ថិតក្នុងភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ហើយត្រូវបានកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកភ្នំក្រវាញ ជួយសង្គ្រោះ។
លោកវរសេនីយ៍ទោ ចាន់ សុខា មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំក្រវាញ បានឲ្យដឹងថា នៅយប់នោះ រូបលោកបានដឹកនាំកម្លាំងដើរល្បាតតាមផ្លូវ ដើម្បីរក្សាសន្តិសុខជូនប្រជាពលរដ្ឋ។
លុះពេលទៅដល់ភូមិព្រែក១ ឃុំសំរោង ស្រាប់តែឃើញមនុស្ស០៣នាក់កំពុងនៅជុំគ្នាទាំងកណ្ដាលយប់ ក៏នាំគ្នាទៅព័ទ្ធដោយស្មានថា ជាករណីណាមួយកើតឡើង ប៉ុន្តែពេលទៅដល់បែរជាស្ត្រីម្នាក់កំពុងឈឺពោះកើតកូនទៅវិញ។
ភ្លាមៗនោះលោកបានជួយអន្តរាគមន៍ដឹកទៅកាន់មន្ទីរពេទ្យ ប៉ុន្តែមិនទាន់បានដឹកផង ស្រាប់តែស្ត្រីរូបនោះសម្រាលកូនបាត់ទៅហើយ។
ពេលនោះលោកបានទំនាក់ទំនងទៅមន្ទីរពេទ្យ ដើម្បីឲ្យគ្រូពេទ្យមកជួយអន្តរាគមន៍តាមបច្ចេកទេសចៀសវាងជួបគ្រោះថ្នាក់ជាយថាហេតុ។
ទោះយ៉ាងណាទារិកាដែលកើតមកនោះមានសុខភាពល្អធម្ម តាហើយស្ត្រីជាម្ដាយក៏ឆ្លងផុតពីគ្រោះថ្នាក់ដែរ ដោយសារគ្រូពេទ្យបានជួយសង្គ្រោះទាន់ពេលវេលា។
ស្ត្រីដែលសម្រាលកូនតាមផ្លូវនេះមានឈ្មោះ ឯល នឿន អាយុ៣៤ឆ្នាំ មានទីលំនៅភូមិដប់បាត សង្កាត់លលកស ធ្វើការចំការនៅឯជើងភ្នំស្រុកភ្នំក្រវាញ។
ឥឡូវនេះទាំងម្ដាយ និងកូនកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកភ្នំក្រវាញ។