ព្រះសីហនុៈ ដើម្បីជួយសង្គ្រោះដល់ជីវិតជនរងគ្រោះដែលត្រូវ ការឈាមជាចាំបាច់ និងដោយមានការណែនាំពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលតែងដាស់តឿន ក្រើនរំលឹកដល់ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទាំងអស់ ត្រូវចូលរួមសហការ ចូលរួមជួយដល់បងប្អួនប្រជាពលរដ្ឋ ដែលកំពុងជួបប្រទះបញ្ហាផ្សេងៗណាមួយកើតឡើងជាយថាហេតុ
នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានសហកាជាមួយ មជ្ឈមណ្ឌលផ្តល់ឈាម នៃមន្ទីរពេទ្របង្អែកខេត្តព្រះសីហនុ បានរៀបចំពិធីផ្តល់ឈាម ដើម្បីជួយសង្គ្រោះ ដល់បងប្អូនប្រជាពលរដ្ឋ ដែលត្រូវការឈាមសំរាប់ប្រើប្រាស់ជាចាំបាច់ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការ លោកមេបញ្ជាការរង រងសេនាធិការ ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការក្រុង ស្រុក ព្រមទាំង នាយទាហាន នាយរងទាហាន នៃកងរាជអាវុធហត្ថខេត្តព្រះសីហនុជាច្រើនរូបផងដែរ ដែលបានស័្មគ្រចិត្តមកផ្តល់ឈាមដើម្បីជាតិ មាតុភូមិ មហាគ្រួសារខ្មែរ។
នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ក៏បានជូនពរ និងថ្លែងនូវអំណរគុណដល់ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តព្រះសីហនុទាំងអស់ ដែលបានចំណាយពេលវេលា និងកម្លាំងចិត្ត ចូលរួមបរិច្ចាកឈាម ដើម្បីជួយសង្គ្រោះដល់បងប្អូនប្រជាពលរដ្ឋ ដែលជួបប្រទះបញ្ហាផ្សេងៗ និងត្រូវការឈាមសំរាប់ប្រើប្រាស់ជាចាំបាច់។
(អត្ថបទ ម៉ាន់ ដាវីត)