You are currently viewing នាយទាហាន នៃកងរាជអាវុធហត្ថតាមបណ្តាស្ថាប័ន និងអង្គភាព ត្រូវបានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំខែមេសា នាថ្ងៃនេះ

នាយទាហាន នៃកងរាជអាវុធហត្ថតាមបណ្តាស្ថាប័ន និងអង្គភាព ត្រូវបានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំខែមេសា នាថ្ងៃនេះ

ភ្នំពេញៈ កងរាជអាវុធហត្ថ គឺជាកងឯកភាពទ័ពជំនាញមួយក្នុងចំណោមកងឯកភាពនៃកងយោធពលខេមរភូមិន្ទ ដែលមានភារកិច្ចរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សហការពង្រឹងការអនុវត្តច្បាប់ ត្រួតពិនិត្យសណ្តាប់ធ្នាប់ជួរទ័ព និងជាពិសេសជួយសង្គ្រោះប្រជាពលរដ្ឋនៅពេលជួបគ្រោះមហន្តរាយផ្សេងៗ។

ដើម្បីអនុវត្តនូវតួនាទី ភារកិច្ចរបស់ខ្លួនបានជោគជ័យនិងមានប្រសិទ្ធភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានរៀបចំកែសម្រួលចងក្រងបទបញ្ជាផ្ទៃក្នុងកងរាជអាវុធហត្ថជាបន្តបន្ទាប់។

បទបញ្ជាផ្ទៃក្នុងនេះ មានបញ្ញត្តិអំពីរបៀបរបបធ្វើការងារ៖ ពេលវេលាធ្វើការ ចាត់តាំងវេនប្រចាំបញ្ជា ប្រចាំការ ប្រចាំថ្ងៃ ប្រចាំប្រតិបត្តិការ ការស្លៀកពាក់ឯកសណ្ឋាន ការប្រារព្ធពិធីគោរពទង់ជាតិ របបប្រជុំការងារ របបរាយការណ៍ ការងារអប់រំចិត្តសាស្ត្រ ការចុះបំពេញបេសកកម្មទៅតាមបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី ខេត្ត ក្រុមប្រឹក្សាវាយតម្លៃតម្លើងឋានន្តរសក្តិ ការសរសើរនិងជូនរង្វាន់ ការដាក់វិន័យ ទណ្ឌកម្ម…។

ជាក់ស្តែង អនុវត្តតាមបទបញ្ជាផ្ទៃក្នុងនេះ ព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ នៅសាលប្រជុំ សេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ ដើម្បីធ្វើការបូកសរុបលទ្ធផលការងារខែមេសានិងដាក់ចេញនូវទិសដៅការងារបន្តសម្រាប់ខែឧសភា ឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរងនិងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

ក្នុងអង្គប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ នាយរងសេនាធិការដ្ឋាន ឯកឧត្តម ឧត្តមសេនីយ៍ ស្នងការ ស្នងការរង ឯកឧត្តម អស់លោក ឧត្តមសេនីយ៍ វរសេនីយ៍ មេបញ្ជាការរងកងរាជអាវុធហត្ថរាជធានី ខេត្ត និងនាយទាហាននៃកងរាជអាវុធហត្ថជាច្រើនរូបទៀត។

ចាប់ផ្តើមដំណើរការកិច្ចប្រជុំ ឯកឧត្តម ឧត្តមសេនីយ៍ទោ សាន ប៊ុនធឿន នាយរងសេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឡើងអានសេចក្តីព្រាងរបាយការណ៍ជូនអង្គពិធីជ្រាបថា ក្នុងខែមេសានេះ កងរាជអាវុធហត្ថបានធ្វើសកម្មភាពទទួលបានលទ្ធផលការងារដូចតទៅ៖ ការពារគណៈប្រតិភូជាតិ អន្តរជាតិ កិច្ចប្រជុំ ពិធីសម្ពោធសមិទ្ធផលនានារបស់ព្រះមហាក្សត្រ រាជរដ្ឋាភិបាល និងពិធីបុណ្យផ្សេងៗ ធ្វើសកម្មភាពសរុប១១.១៦៨លើក។

ជួយសម្រួលសណ្តាប់ធ្នាប់របៀបរៀបរយចរាចរណ៍កកស្ទះ ជូនប្រជាពលរដ្ឋនិងការដង្ហែក្បូនទាមទារតវ៉ាផ្សេងៗសរុប៨៤៦លើក។
ធ្វើការត្រួតពិនិត្យសណ្តាប់ធ្នាប់កងទ័ពនៅតាមទីសាធារណៈ បានកែសម្រួលឯកសណ្ឋានយោធា។

កម្លាំងជំនាញបានស្រាវជ្រាវបង្ក្រាបបទល្មើសបានចំនួន២០៤លើក ក្នុងនោះមានលួចដោយស្ថានទម្ងន់ទោស (ប្លន់ប្រដាប់អាវុធ) រំលោភសេពសន្ថវៈ ជួញដូរមនុស្ស បង្ខាំងមនុស្សដោយខុសច្បាប់ លួច (ឆក់) ឆបោក ហិង្សាដោយចេតនា ប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត រំលោភលើទំនុកចិត្ត ការប្រើប្រាស់ ជួញដូរ ចែកចាយគ្រឿងញៀនខុសច្បាប់ ប្រទូស្តកេរិ៍ខ្មាស់ ក្មេងទំនើង ទទួលផលចោរកម្ម ហិង្សាសហព័ន្ធ ល្បែងស៊ីសង បទល្មើសព្រៃឈើ បទល្មើសជលផល…។

បានកសាងសំណុំរឿងដោយឃាត់ខ្លួនជនសង្ស័យចំនួន២៨៧នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធនឹងបទល្មើស បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានី ខេត្ត។

បានសហការពង្រឹងអនុវត្តច្បាប់និងបទបញ្ជាចំនួន១.០៤១ជាមួយនឹង៖ នគរបាលជាតិ ស្ថាប័នពន្ធដារ គយ និងរដ្ឋាករ រដ្ឋបាលព្រៃឈើ អង្គការអភិរក្សសត្វព្រៃ អភិរក្សដែនជីវៈចម្រុះ ក្រសួងសាធារណៈការនិងដឹកជញ្ជូន ក្រសួងបរិស្ថាន ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋបាលជលផល ក្រុមចម្រុះ…។ ជាមួយគ្នានោះដែរ បានឃាត់ខ្លួនជនសង្ស័យចំនួន២៩៩នាក់ និងចាប់យកវត្ថុតាងមួយចំនួន។

ទន្ទឹមគ្នាដែរ កងរាជអាវុធហត្ថបានអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ១២៧ សសរ ចុះថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការបង្កើតគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន១៣នាក់ ក្នុងបានឃុំខ្លួនបណ្តោះអាសន្នចំនួន៣ និងធ្វើការអប់រំណែនាំដោយកិច្ចសន្យាចំនួន១០នាក់។

ចាប់យកវត្ថុតាងមាន រថយន្ត១២គ្រឿង គោយន្តកន្ត្រៃ២គ្រឿង និងឈើចម្រុះចំនួន១៣៦,៥៤៤ម៉ែត្រត្រីគុណ និង១៤៩០ដុំ។
កងរាជអាវុធហត្ថបានធ្វើសកម្មភាពការងារជួយសង្គ្រោះមាន: ការជួយប្រជាពលរដ្ឋរងគ្រោះថ្នាក់ចរាចរណ៍ អគ្គិភ័យ និងករណីផ្សេងៗសរុបចំនួន៦០៧លើក។
ក្រៅពីការបំពេញតួនាទីភារកិច្ចរបស់ខ្លួន កងរាជអាវុធហត្ថបានកសាងអង្គភាពដូចជា ការងារកសាងកម្លាំង, ការកសាងហេដ្ឋារចនាសម្ពន្ធ, ការងារអប់រំចិត្តសាស្ត្រ, ការងារហ្វឹកហ្វឺន, ការងារសិក្សា សិក្ខាសាលា, ការងារផ្សព្វផ្សាយ, ការងារធានាភស្តុភារ ហិរញ្ញវត្ថុ និងបំពាក់, ការងារទំនាក់ទំនងកិច្ចការសាធារណៈ…។
នៅក្នុងសេចក្តីព្រាងរបាយការណ៍ក៏បានដាក់ចេញនូវទិសដៅផែនការសកម្មភាពខែឧសភា ឆ្នាំ២០១៧ផងដែរ។

(អត្ថបទៈ ឧ.អេង ហីុ)