អហ.កណ្តាល៖ មេបញ្ជាការអាវុធហត្ថខេត្តកណ្តាល លោកឧត្តមសេនីយ៍ សំ តុលា បានប្រកាសដាក់ផែនការដល់កម្លាំងរបស់ខ្លួនទាំងអស់ អំពីការបើកប្រតិបត្តិការត្រួតពិនិត្យស្លាកលេខ ខ.ម លើមធ្យោបាយរបស់មន្ត្រីអាវុធហត្ថតែម្ត ចាប់ពីពេលនេះតទៅហើយ តបតាមបញ្ជាការរបស់នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស ដែលត្រូវធ្វើ ការអនុវត្តការងារមួយនេះ ទូទាំងប្រទេស ។
ក្នុងពិធីបូកសរុបការងាររយៈពេល ០៩ខែ របស់អាវុធហត្ថខេត្តកណ្តាល និងលើកទិសដៅបន្តសម្រាប់ ត្រីមាសខាងមុខ នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥នេះ លោកឧត្តមសេនីយ៍មេបញ្ជាការបានបញ្ជាក់ថា «ចំពោះស្លាកលេខ ខ.ម យើងត្រូវត្រួតពិនិត្យដល់នាយ នាយរងអាវុធហត្ថយើងជាមុនសិន ចាប់ពីពេលនេះ មុននឹងយើងត្រួតពិនិត្យគេ ហើយអ្នកប្រើប្រាស់ស្លាកលេខ ខ.ម មិនស្របច្បាប់ ត្រូវដោះចេញ និងដកហូតទុក» ។
ក្រៅពីការងារ ខ.ម នេះលោកមេបញ្ជាការ បានលើកឡើងពីការងារមួយចំនួនទៀត ក្នុងនោះបានជំរុញឲ្យ នាយ នាយរង កងរាជអាវុធហត្ថគ្រប់រូបធ្វើអត្តសញ្ញាណប័ណ្ណ សញ្ញាតិខ្មែរ អ្នកហូសសុពលភាព ឬខូចត្រូវធ្វើថ្មី ។នាយ នាយរង អហ ទាំងអស់ត្រូវស្លៀកពាក់ឯលសណ្ឋានឲ្យបានត្រឹមត្រូវ និងឯកភាពគ្នាពេលចុះបេសកកម្ម ។ចំពោះ អហ ល្មើសវិន័យត្រូវទទួលវិន័យកងទ័ព តែបើល្មើសច្បាប់ព្រហ្មទណ្ឌ ត្រូវយកច្បាប់មកអនុវត្ត។ គិលានដ្ឋាន អហ ខេត្តមិនមែនព្យាបាលតែកម្លាំងនៅបញ្ជាការខេត្តទេ ក្រុង ស្រុកគឺមកព្យាបាលបានដូចគ្នា ។ មន្ត្រី អហ ទាំងអស់ត្រូវចេះជួយចែរក្សាសម្ភារៈ គ្រឿងបំពាក់ទ្រព្យសម្បត្តិ អស់អង្គភាព និងមានអនាម័យល្អជាប់ជានិច្ច ។ ការចេញល្បាត ត្រូវចេះរើសពេល វេលា និងគោលដៅ ឲ្យបានច្បាស់ស្រប និងបទល្មើស កើតពីមុន។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ សំ តុលា បានកោតសរសើរថ្នាក់ដឹកនាំ និងកងកម្លាំងទាំងអស់ ដែលរយៈពេល៩ខែ ឆ្នាំ២០១៥នេះ យើងបានបង្ក្រាបគ្រឿងញៀន និងបទល្មើសផ្សេងៗ បានច្រើន បើធៀបរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៤ កន្លងទៅ ហើយសូមយកចិត្តទុកដាក់បង្កើនការបង្ការ និងបង្ក្រាប បទល្មើស ត្រៀមនឹងខិតខំស្រាវជ្រាវ បង្ក្រាប ឲ្យបានក្រុមក្មេងទំនើង លួច ឆក់ ប្លន់ គ្រឿញៀន ឲ្យស្របតាមបទបញ្ជាមេបញ្ជាការ សៅ សុខា និងអភិបាលខេត្ត។
លោកមេបញ្ជាការក៏បានលើកឡើងអំពីការយកចិត្តទុកដាក់ លើការស្នាក់នៅ ស្លៀកពាក់ ហូបចុក និងខុសភាពកងកម្លាំង ដើម្បីសម្រេចការងារឲ្យបានជោគជ័យ ហើយរឿងនេះនាយឧត្តមសេនីយ៍ សៅ សុខា គិតគូរគ្រប់ពេលវេលា៕