បន្ទាយមានជ័យៈ នៅយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអូរជ្រៅ បានធ្វើការឃាត់ខ្លួន អនីតិជនជាក្មេងទំនើងម្នាក់ ស្ថិតនៅចំណុចភូមិកូបតូច ឃុំគត្តសត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលបានបង្កជម្លោះ និងបានយកកាំភ្លើងបាញ់រះយ៉ាងអាណាធិបតេយ្យ។
បើតាមប្រភពពត៌មាន ពីមន្ដ្រីអាវុធហត្ថបានឲ្យដឹងថា ក្មេងទំនើងដែលត្រូវបានឃាត់ខ្លួននេះមាន ឈ្មោះ បាង វីង អាយុ១៧ ឆ្នាំ រស់នៅក្នុងភូមិកូបតូច ឃុំគត្តសត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
មន្ដ្រីដដែលបញ្ជាក់ទៀតថា ក្មេងទំនើងខាងលើនេះបានបង្កជម្លោះ កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧កន្លងទៅ នៅចំណុចភូមិ និមិត្ត១ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ហើយបានឈានទៅដល់ការបាញ់រះ ទៅលើគូជម្លោះផងដែរ ប៉ុន្ដែបានបង្កឲ្យពលរដ្ឋម្នាក់ រងគ្រោះនោះទេ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនខ្លួនទៅបញ្ជាការដ្ឋានអាវុធហត្ថខេត្ត ដើម្បីធ្វើការស្រាវជ្រាវរកប្រភពអាវុធ ដែលជនសង្ស័យបានយកមកប្រើប្រាស់ និងស្វែងរកបក្ខពួក ដើម្បីយកមកផ្តន្ទាទោតាមច្បាប់៕
(អត្ថបទៈ ម៉ាន់ ដាវីត)