ស្ទឹងត្រែងៈ ជនសង្ស័យចំនួន០៥នាក់ ត្រូវបាន កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសេសាន បានធ្វើការឃាត់ខ្លួន មានជាប់ពាក់ព័ន្ធជាមួយករណីហិង្សាដោយចេតនា។
នេះបើតាមការឱ្យដឹងពី មន្ត្រីកងរាជអាវុធហត្ថស្រុកសេសាន បានឱ្យដឹងថា ក្នុងការឃាត់ខ្លួនជនសង្ស័យទាំង០៤នាក់ខាងលើនេះ គឺធ្វើឡើងនៅវេលាម៉ោង១៨ និង០០នាទីល្ងាច ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិស្រែគរថ្មី ឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង។
មន្ត្រីដដែល បានបន្តឱ្យដឹងទៀតថា ជនសង្ស័យដែលត្រូវបានកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះៈ
១. នួន សុផល្លីន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរព្រូឡាន រស់នៅភូមិស្រែស្តៅ ឃុំអូរឫស្សី ស្រុចិត្របុរី ខេត្តក្រចេះ
២. មូ ខេមរ៉ា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរបើកបររថយន្តកែច្នៃរ រស់នៅភូមិអូរឫស្សី ស្រុកចិត្របរុរី ខេត្តក្រចេះ
៣. តែង ចាន់ពិចិត្រ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរព្រូឡាន រស់នៅភូមិស្រែស្តៅ ឃុំអូរឫស្សី ស្រុកចិត្របុរី ខេត្តក្រចេះ
៤. កង ពិសាល ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរព្រូឡាន រស់នៅភូមិស្រែស្តៅ ឃុំអូរឫស្សី ស្រុកចិត្របុរី ខេត្តក្រចេះ
៥. ព្រាប វិត ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរបើកបររថតយន្តកែច្នៃ រស់នៅភូមិស្រែ ស្តៅ ឃុំអូរឫស្សី ខេត្តក្រចេះ។
មន្ត្រីដដែល បានបញ្ជាក់ឱ្យដឹងទៀតថា ជនសង្ស័យទាំង០៥នាក់ខាងលើនេះ បានមានទំនាស់ជាមួយជនរងគ្រោះ ឈ្មោះលី ប៊ុននី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរព្រូឡាន រស់នៅភូមិស្រែគរថ្មី ឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង ដោយមូលហេតុ ភាគីទាំងសងខាង ដណ្តើមគ្នាដឹកឈើ ឲ្យក្រុមហ៊ុន ហើយបានឈ្លោះប្រកែកគ្នារហូត ដល់ភាគីបង្ក បានធ្វើសកម្មភាពដោយប្រើកាំបិតផ្គាក់ កាប់ទៅលើជនរងគ្រោះ បណ្តាលអោយរងរបួសធ្ងន់។
ជនសង្ស័យ ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។
(អត្ថបទ ម៉ាន់ ដាវីត)