ភ្នំពេញៈ នៅសាលប្រជុំអគារសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ថៃ្ងទី០៤ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តម ឧត្តមសេនីយ៍ឯក សិុន សូផាន្នី មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលបន្ទុកផែនកសាងកម្លាំង បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសមុខងារ និងបំពាក់ឋានន្តរសក្កិដល់នាយទាហាននៃកងរាជអាវុធហត្ថ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម ឧត្តមេសនីយ៍ ស្នងការ ស្នងការរងព្រមទាំង នាយការិយាល័យ នាយផ្នែកជាច្រើនរូបទៀត។
បន្ទាបពីលោកឧត្តមសេនីយ៍ត្រី ព្រហ្ម ច័ន្ទឬទ្ធី នាយរងការិយាល័យបុគ្គលិកកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានឡើងអានសេចក្តីប្រកាសព្រះរាជក្រឹត្យនិងសេចក្កីប្រកាសរបស់ក្រសួងការពារជាតិស្តីពីការតម្លើងឋានន្តរស័ក្កិ និងប្រកាសមុខងាររូចមក ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក សិុន សូផាន្នី បានមានប្រសាសន៍ថាៈ ក្នុងនាមជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងក្នុងនាមឯកឧត្តមផ្ទាល់សូមកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះស្នាដៃដល់នាយអាវុធហត្ថដែលបានប្រកាសមុខងារនិងតម្លើងឋានន្តរស័ក្កិគ្រប់លំដាប់ថ្នាក់ទាំងអស់ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការបំពេញតួនាទីបេសសកម្មរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់សម្រេចបានលទ្ធផលជាផ្លែផ្កាគួរជាទីមោទនៈ។
ការតម្លើងឋានន្តរស័ក្កិនិងប្រកាសមុខងារនៅពេលនេះ បានបង្ហាញនូវការយកចិត្តទុកដាក់និងទំនុកចិត្តពីរាជរដ្ឋាភិបាល ពីក្រសួងការពារ អគ្គបញ្ជាការ និងពីមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសដល់ នាយអាវុធហត្ថដែលបានខិតខំបំពេញតួនាទីមិនខ្លាចនឿយហត់ ហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងក្នុងការចូលរួមចំណែកការពារសន្តិសុខសង្គមសណ្តាប់ធ្នាប់សាធារណៈ ដើម្បីបម្រើសេចក្កីសុខជូនប្រជាពលរដ្ឋនឹងប្រទេសជាតិ។ ឯកឧត្តមបានបន្តទៀតថាៈប្រតិបតិ្តការកន្លងមករបស់កងរាជអាវុធហត្ថតែងតែគោរពច្បាប់ គោរពបទបញ្ជា ក្រមសីលធ៌មវិជ្ជាជីវៈនិងគោរពសិទ្ធមនុស្ស ធ្វើអោយមានការគាំទ្រពីប្រជាពលរដ្ឋពីមជ្ឍដ្ឋានទាំងក្នុងប្រទេសនឹងក្រៅប្រទេស។ នៅក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បានផ្តាំផ្ញើដល់នាយ នាយរងអាវុធហត្ថទាំងអស់ត្រូវសីលទាំងប្រាំរបស់អាវុធហត្ថ ៖
១- ស្មោះត្រង់ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ។
២-មានភាពស្អាតស្អំ អត្តចរិតសុភាពរាបសា អកប្បកិរិយាស្លូតបូត សាមញ្ញ ប៉ុន្តែមានភាពម៉ឺងម៉ាត់ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ប្រកាន់ភ្ជាប់នូវការគោរពច្បាប់ មានវិន័យនិងក្រមសីលធម៌វិជ្ជាជីវៈ ។
៣-មានសមត្ថភាពនិងភាពឆ្លាតវៃគ្រប់កាលៈទេសៈ ដោយខិតខំប្រឹងប្រែងស្រាវជ្រាវរៀនសូត្រ ហ្វឹកហ្វឺនគ្រប់ជំនាញវិជ្ជាជីវៈ ។
៤-ឧស្សាហ៍ព្យាយាមក្នុងកិច្ចការងារ រាល់ការងារត្រូវតែមានភាពហ្មត់ចត់ និងអំណត់អត់ធន់ ។
៥.មានសេចក្តីក្លាហានចំពោះតួនាទី ភារកិច្ចរបស់ខ្លួនដោយមានការទទួលខុសត្រូវ មានភាពច្បាស់លាស់ និងមានហេតុផលស្របច្បាប់ ហើយត្រូវមានសាមគ្គីភាពផ្ទៃក្នុងអោយបានល្អឯកភាពជាធ្លុងមួយរវាងមេបញ្ជាការ និងអ្នកនៅក្រោមឱវាទ ជាពិសេសការគោរពឱ្យបាននូវអនុសាសន៍របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានផ្សព្វផ្សាយ៩ចំណុចសំខាន់ៗនោះព្រមទាំងបន្តដឹកនាំធ្វើការពង្រឹងក្របខណ្ឌចាត់តាំងអោយសមស្របទៅតាមជំនាញឯកទេសនីមួយៗ ដោយទទួលខុសត្រូវអោយបានច្បាស់លាស់ដើម្បីសម្រេចបាននូវកិច្ចការងារស្នូល និងសកម្មភាពដែលកងរាជអាវុធហត្ថទទួលបានជោគជ័យកន្លងមក៕